(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាបន្តគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត និងវិស័យអាទិភាពនានា សម្រាប់ឆ្នាំ២០១៦-២០១៨ ដែលគោលនយោបាយចម្បងរបស់ រាជរដ្ឋាភិបាលកម្ពុជា និងបានព្រមព្រៀងគ្នាអនុវត្តផែនការយុទ្ធសាស្ត្រ ៥ចំណុច ផ្សេងទៀត។
ការឯកភាពគ្នានេះត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយ លើកទី២ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដឹកនាំដោយ លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Kim Yoon Kyung តំណាងក្រសួងយុទ្ធសាស្រ្ត និងហិរញ្ញវត្ថុកូរ៉េ នាសណ្ឋាគារភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក វង្សី វិស្សុត បានលើកឡើងថា «កិច្ចប្រជុំដ៏មានសារសំខាន់នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបន្តគោលនយោបាយភាពជាដៃគូ ក៏ដូចជាដើម្បីបើកឱកាសជូនភាគីទាំងពីរ ឲ្យធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ ទស្សនទាន ចក្ខុវិស័យ និងគោលនយោបាយអាទិភាពនានា នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) របស់សាធារណរដ្ឋកូរ៉េ ទាំងហិរញ្ញប្បទានឥតសំណង (Grant Aid), ឥណទានសម្បទាន (EDCF Loan) និងជំនួយបច្ចេកទេសនានា ទៅតាមវិស័យអាទិភាព នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់កម្ពុជា និងទៅតាមគោលនយោបាយកិច្ចសហប្រតិបត្តិការរបស់កូរ៉េ ផងដែរ»។
លោក វង្សី វិស្សុត បានបន្តថា រដ្ឋាភិបាលកូរ៉េបានសន្យាផ្តល់ហិរញ្ញប្បទានដល់កម្ពុជាមាន ជាង៧៣៨លានដុល្លារ ក្នុងនោះ ឥណទានសម្បទានចំនួន «៥៣៥លានដុល្លារ» និងហិរញ្ញប្បទានឥតសំណងចំនួន «២០៣លានដុល្លារ» ដោយមិនរាប់បញ្ចូលនូវទឹកប្រាក់ ជាជំនួយបច្ចេកទេសផ្សេងៗ។ កូរ៉េជាដៃគូអភិវឌ្ឍន៍ទ្វេភាគីធំជាងគេ ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមដៃគូអភិវឌ្ឍន៍ទ្វេភាគីដទៃទៀត។
លោក វង្សី វិស្សុត បានបន្តលើកឡើងថា នៅក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ជាមធ្យម «៧,៧ភាគរយ ក្នុងមួយឆ្នាំ» ក្នុងបរិការណ៍អតិផរណាទាប ហើយអត្រាការប្រាក់មានស្ថិរភាពល្អ។
លោកបន្ថែមថា អត្រានៃភាពក្រីក្រត្រូវបានធ្លាក់ចុះពី ៥៣,២ភាគរយ ក្នុងឆ្នាំ២០០៤ មកត្រឹមតែ ១៣,៥ភាគរយ ក្នុងឆ្នាំ២០១៤ ហើយមេគុណជីនី (Gini Coefficient) បានធ្លាក់ចុះពី ០,៣៨០ ក្នុងឆ្នាំ២០០៤ មកត្រឹម ០,២៩៥ នៅឆ្នាំ២០១៤។
លោក វង្សី វិស្សុត សង្ឃឹមថា រដ្ឋាភិបាលកូរ៉េ នឹងបន្តជំរុញនិន្នាការគោលនយោបាយ និងបង្កើនទំហំនៃការផ្តល់ហិរញប្បទានបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ឥណទានសម្បទាន និងជំនួយបច្ចេកទេសផ្សេងៗ។ ជាមួយគ្នានេះ លោកក៏បានស្នើដល់ភាគីកូរ៉េ ជួយបង្កើនការចែករំលែក និងការផ្ទេរចំណេះដឹង និងជំនាញដោយផ្សាភ្ជាប់កិច្ចការនេះ ជាមួយនឹងគម្រោងដែលហិរញ្ញប្បទាន ដោយសាធារណរដ្ឋកូរ៉េ។
ជាកាឆ្លើយតប លោក Kim Yoon Kyung បានឲ្យដឹងថា កិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងផ្តល់នូវឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរ ក្នុងការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ផ្លូវការ (ODA) ឱ្យកាន់តែប្រសើរឡើង។ ភាគីកូរ៉េរបស់លោក នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ឲ្យបានល្អបំផុត។
ដោយឡែក ភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នាអនុវត្តនូវផែនការយុទ្ធសាស្រ្តសំខាន់ៗចំនួន ៥ចំណុច ផ្សេងទៀត រួមមាន៖ ១.ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់កម្ពុជា (NSDP), ២.ផែនការ Korea‘s ODA Policy, ៣.យុទ្ធសាស្រ្តភាពជាដៃគូ និងយុទ្ធសាស្រ្តនៃការផ្តល់ឥណទានសម្បទាន តាមរយៈកិច្ចសម្របសម្រួលក្របខ័ណ្ឌឥណទានសម្បទានកូរ៉េ សម្រាប់ផែនការរំកិល ៣ឆ្នាំ (២០១៦-២០១៨), ៤.យុទ្ធសាស្រ្តនៃការផ្តល់ហិរញ្ញប្បទានឥតសំណង, ៥.កម្មវិធីចែករំលែកចំណេះដឹង និងកម្មវិធីអភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងៗ មួយចំនួនទៀត ផងដែរ៕