(ភ្នំពេញ)៖ នៅព្រឹកមិញនេះមានលិខិតអនាមឹកមួយសន្លឹកត្រូវបានគេបញ្ជូនចូលមកការិយាល័យ Fresh News សូមឲ្យជួយផ្សាយផង ក្រែងបានឮដល់ថ្នាក់ដឹកនាំធ្វើ ការអន្តរាគមន៍ក្រែងបានធូរចិត្តខ្លះ។
រឿងដែលមិត្តអ្នកអានផ្ញើមកឲ្យជួយផ្សាយនោះគឺរៀបរាប់ពីក្លិនស្អុយនៅក្នុងសាលាខេត្តតែម្ដង តែមិនមែនស្អុយដោយសារលាមក ឬកណ្តុរងាប់នោះទេ គឺស្អុយដោយសារ តែការងារបក្ខពួកពុករលួយជាចង្កោមគ្រួសាររបស់លោកអភិបាលខេត្តតែម្ដង។ ដោយសារខ្លឹមសារអត្ថបទនេះមើលទៅដូចទំនងដែរ Fresh News សំរេចដកស្រង់ ខ្លឹមសារយកមកចុះផ្សាយត្រួសៗជូនទៅចុះថា តើពិតជាមានអំពើពុករលួយបក្ខពួកនិយមក្នុងរឿងការងារណាដែលមានប្រយោជន៍កូនប្រសារ លោកអភិបាលខេត្តក្តោបយកទៅធ្វើតែឯងពិតមែន ឬអត់?។
រឿងដែលមន្រ្តីនៅក្នុងសាលាខេត្តប៉ៃលិន ខំនាំគ្នាអត់ទ្រាំជាយូរឆ្នាំមកហើយ រហូតដល់ទ្រាំលែងបាននាំគ្នាទំលាយចេញមកនេះគឺពាក់ព័ន្ធការគ្រប់គ្រង និងដឹកនាំការងារ របស់លោក កើត សុធា អភិបាលខេត្តមានលក្ខណៈជាក្រុមគ្រួសារតែម្ដង។ ក្នុងនោះគេលើកឡើងថា គ្រាន់តែលោកកើត សុធា ឡើងជាអភិបាលខេត្តជំនួស លោក អ៉ី ឈាន ដែលដល់អាយុចូលនិវត្តន៍ភ្លាម លោកបានអូសយកកូនប្រសារឈ្មោះ ឡាយ អង្គារ៉ា ដែលជាមន្ត្រីនៅទីស្ដីការគណៈរដ្ឋមន្ត្រី ទៅចូលក្របខណ្ឌសាលាខេត្តប៉ៃលិន ដោយកាន់តួនាទីជានាយករងរដ្ឋបាលសាលាខេត្ត និងរត់ការតម្លើងតួនាទីកូនស្រីឈ្មោះ កើត ស៉ីធាម ពីមន្ត្រីធម្មតានៅមន្ទីរប្រៃសណីទៅជាអនុប្រធានមន្ទីរ។
ដោយឡែកកូនប្រសាររបស់លោកអភិបាលខេត្តថ្មី ត្បិតមានតួនាទីជានាយករងរដ្ឋបាលក៏ពិតមែន តែការងារពាក់ព័ន្ធលុយកាក់ត្រូវតែឆ្លងកាត់លោក ជាអ្នកពិនិត្យ និងសម្រេច បើលោកពិនិត្យហើយឯកភាពទើបបញ្ជូនចេញទៅឲ្យលោកនាយករដ្ឋបាលចុះហត្ថលេខា តែបើឯកសារគ្មានប្រយោជន៍ គឺកូនប្រសារផ្អិបទុកមិនបញ្ជូន ចេញទេ តែបើឯកសារមានប្រយោជន៍ហើយគេមិនឆ្លងកូនប្រសារទេ ពេលទៅដល់ដៃលោកអភិបាលក៏លោកមិនស៊ីញ៉េដែរ។ និយាយរួមការងារណាមានប្រយោជន៍ គឺកូនប្រសារគេច្បាមយកទៅធ្វើទាំងអស់ ធ្វើឲ្យមន្ត្រីផ្សេងៗទៀតនាំគ្នាធ្វើតែឯកសារស៊ីក្រដាសប៉ុណ្ណោះ ដែលករណីនេះនាំឲ្យមានការថ្នាំងថ្នាក់ និងរិះគន់ពីបក្ខពួកនិយមស្ទើរពេញសាលាខេត្តទៅហើយ។
ឥឡូវនៅសុខៗ ខណៈដែលលោក ហ៊ុយ សារិន ប្រធានមន្ទីរប្រៃសណី និងទូរគមនាគមន៍ខេត្តត្រូវដល់អាយុចូលនិវត្តន៍ ស្រាប់លោកអភិបាលរត់ការធ្វើសំណើរ ទៅរដ្ឋមន្ត្រីសុំតម្លើងកូនស្រីខ្លួនឯងឈ្មោះ កើត ស៉ីធាម ជាប្រធានមន្ទីរថែមទៀត នៅពេលដែលនៅតាមអង្គភាពមន្ទីរ ការិយាល័យជុំវិញខេត្តសុទ្ធតែជាបក្ខពួកបងប្អូន របស់លោកអភិបាលខេត្តភាគច្រើនទៅហើយនោះ។
ចុងក្រោយមន្រ្តីដែលជាម្ចាស់លិខិតសំណូមពរ សូមឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជួយពិនិត្យមើលលើករណីនេះផង។
ខាងលើនេះគ្រាន់តែជាព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបានតែពីម្ខាងប៉ុណ្ណោះ ដោយគេនៅមិនទាន់ដឹងថា រឿងនេះជារឿងពិត ឬជារឿងប្រឌិត ដើម្បីសំអុយឈ្មោះក្រុមគ្រួសារលោកអភិបាលខេត្ត ឬយ៉ាងណានៅឡើយទេ។ ដូចនេះបើមានការបកស្រាយយ៉ាងណានោះ Fresh News ស្វាគមន៍រងចាំបំភ្លឺជូនវិញផងដែរ៕