(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋ រូសរាន់ទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ខណៈដែលការចុះឈ្មោះបោះឆ្នោត នឹងបិទបញ្ចប់នៅម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បាន Comment យ៉ាងដូច្នេះថា «ការចុះឈ្មោះបោះឆ្នោតគឺពន្យារពេលមួយថ្ងៃទី៣០ ខែ វិច្ឆិកានេះ សូមពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតអោយបានរួសរាន់នៅថ្ងៃនេះកុំខាន»។
ការចុះឈ្មោះបោះឆ្នោត រយៈពេល៣ខែ បានធ្វើឡើងចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ របាយការណ៍ចុងក្រោយរបស់គ.ជ.ប បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន ៧,៨៣២,៧២១នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែអ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោត នៅមានជាង១លាននាក់។
ទោះជាយ៉ាងណា លោក ហង់ ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានឱ្យដឹងថា ពលរដ្ឋជាង១លាននាក់ដែលមិនបានចុះឈ្មោះបោះឆ្នោតនោះ ភាគច្រើនជាពលករនៅបរទេស ក្នុងនោះមានប្រទេសថៃ ច្រើនជាងគេ ដែលមានជាង១លាននាក់ដែរ៕