(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់នៅលើ Facebook Page ផ្លូវការរបស់សម្តេចនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា សម្តេចតេជោ មិនត្រឹមតែចង់ឲ្យកម្ពុជាមានសុខសន្តិភាពទេ គឺក៏ចង់ឲ្យពិភពលោកទាំង មូលមានសុខសន្តិភាពទាំងអស់គ្នា។

យោងតាម Facebook Page ផ្លូវការរបស់សម្តេច បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែនមិនត្រឹមតែចង់ បានកម្ពុជាមានសុខសន្តិភាពទេ គឺចង់អោយពិភពលោកទាំង មូលមានសុខសន្តិភាពទាំងអស់គ្នា។ព្រោះកម្ពុជាឆ្អែតហើយ ដោយសារសង្គ្រាម។ ការមិនពេញចិត្ត ចំពោះមេដឹកនាំប្រទេសណាមួយ ហើយយកសង្រ្គាមជាដំណោះស្រាយ គឺបាននឹងកំពុងបំផ្លិចបំផ្លាញ ប្រទេសជាតិ និងអាយុជីវិតពលរដ្ឋស្លូតត្រង់យ៉ាងដំណំ។ សូមសុខសន្តិភាពកើត មានចំពោះកម្ពុជា និងពិភពលោកយើងទាំងមូលជានិច្ចនិរន្ត»។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងទៅកាន់ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា មកពីបណ្ដាប្រទេសជាសមាជិក សភាតំបន់អាស៊ី ​បណ្ដាប្រទេសជាអ្នកសង្កេតការណ៍ និងអង្គការជាដៃគូរជាច្រើននាក់ ក្នុងមហាសន្និបាតសភាតំបន់អាស៊ី APA (Asian Parliamentary Assembly) លើកទី៩ នៅទឹកដីសៀមរាបអង្គរ ខេត្តសៀមរាប នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយជំរុញឲ្យប្រទេសទាំងអស់ ការពារសន្តិភាពនៅលើពិភពលោក ក៏ដូចជានៅក្នុងតំបន់។

សម្តេចលើកឡើងថា «ដើម្បីការពារសន្តិភាពបាន ទាល់តែកុំឱ្យមានអ្នកបំផ្លាញសន្តិភាព ដើម្បីការពារសន្តិភាពបាន លុះត្រាតែទប់ស្កាត់កុំឱ្យមានអ្នកបង្កសង្រ្គាម។ វាជាហេតុផលសមរម្យ កុំបន្ទោសប្រទេស​ដែលមានសង្រ្គាម ប៉ុន្តែត្រូវ បន្ទោសប្រទេសដែលជាអ្នកលូកដៃឱ្យមានសង្រ្គាម»។ សម្តេចបានបន្ថែមថា អ្នកដែលបង្កសង្រ្គាម គឺសុទ្ធតែជាប្រទេសដែលមានលទ្ធភាព​បង្កសង្រ្គាមមិនមែនអ្នកទន់ខ្សោយទេ។

ទន្ទឹមនឹងការអំពាវនេះឱ្យការពារសន្តិភាពពិភពលោកនេះ សម្តេចតេជោ ក៏បានអំពាវនាវផងដែរដល់សមាជិក APA ដោយស្នើឱ្យមានសន្និសីទអន្តរជាតិមួយ ស្តីពីបញ្ហាប្រយុទ្ធប្រឆាំង​ភេរកម្មនៅលើ​សកលលោក៕