(ភ្នំពេញ)៖ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ស្អែកនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឲ្យដំណើរការម៉ាស៊ីនត្រួតពិនិត្យបច្ចេកយានយន្តចល័តមួយគ្រឿងទៀតហើយ។ ការដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តជាលើកទី២នេះ គឺក្នុងគោលបំណងផ្តល់សេវាត្រួតពិនិត្យបច្ចេកទេសយានយន្តឲ្យទៅកាន់តែកៀកផ្ទះប្រជាពលរដ្ឋ ហើយក៏ជាការរួមចំណែកផ្តល់សេវាត្រួតពិនិត្យ បច្ចេកទេសយានយន្តបានកាន់តែឆាប់រហ័សផងដែរ។
ពិធីដាក់ឲ្យដំណើរការម៉ាស៊ីនត្រួតពិនិត្យបច្ចេកយានយន្តថ្មីនេះ នឹងធ្វើឡើងក្រោមអធិបភាពលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រ សួងសាធារណការ និងដឹកជញ្ជូន នៅមជ្ឈមណ្ឌលពិព័រណ៍ម៉ុងឌីយ៉ាល់ ស្ថិតនៅតាមបណ្តោយ ផ្លូវម៉ៅសេងទុង ខណ្ឌទួលគោក។
មន្រ្តីក្រសួងសាធារណការ បានឲ្យដឹងថា ម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តចល័តនេះ គឺបាននាំចូលមកពីប្រទេសកូរ៉េខាងត្បូង។ បើតាមមន្រ្តីក្រសួងសាធារណការ រថយន្តនេះបំពាក់ដោយបច្ចេកវិទ្យាទំនើប ហើយមានសមត្ថភាពខ្ពស់ក្នុងត្រួតពិនិត្យបច្ចេកយានយន្ត ហើយដំណើរបានលឿនផងដែរ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ការបញ្ជាទិញម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តចល័តនេះ គឺដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ បង្ខិតសេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរ និងការចំណាយផ្សេងៗ។
លោកក៏បានបញ្ជាក់ផងដែរថា ម៉ាស៊ីននេះ នឹងធ្វើការចល័តគ្រប់ ២៥ខេត្ត-ក្រុង ដើម្បីឲ្យប្រជាពលរដ្ឋយកយានយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឲ្យបានគ្រប់ៗគ្នា នៅតាមបណ្តាខេត្តដែលខ្លូនរស់នៅ។ សេវាត្រួតពិនិត្យចល័យនេះ នឹងជួយសម្រួលដល់ប្រជាពលរដ្ឋ កាត់បន្ថយការធ្វើដំណើរទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅរាជធានីភ្នំពេញ ឬតាមខេត្តដែលមានទីតាំងឆៀកអចល័ត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ ម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តចល័ត នាំមកពីប្រទេសចិន មួយគ្រឿងហើយ ត្រូវបានដាក់ឲ្យដំណើរការ ហើយក៏បាននិងកំពុងធ្វើដំណើរចុះពិនិត្យយានយន្តនៅតាមបណ្តាខេត្តផងដែរ៕