(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំប្រតិភូចូលរួមបំភ្លឺសេចក្តីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ» ជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះទើបបានទទួលការ អនុម័តជាឯកច្ឆន្ទក្នុងកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ។
លោករដ្ឋមន្រ្តី សាយ សំអាល់ បានជម្រាបជូនអង្គប្រជុំព្រឹទ្ធសភាជ្រាបថា សន្និសីទប្រចាំឆ្នាំនៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួល អាកាសធាតុ (UNFCCC) លើកទី២១ (CoP21) នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីចុងឆ្នាំ២០១៥ បានអនុម័តកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត ហៅថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ជាពិសេស ដើម្បីជំរុញការវិនិយោគដែលបញ្ចេញកាបូនទាប ប្រកបដោយចីរភាពនៅពេលអនាគត។
កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រហូតមកដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានប្រទេសចំនួន១១៤ ក្នុងចំណោម១៩៧ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលធ្វើឱ្យកិច្ចព្រមព្រៀងនេះ បានឈានដល់ចំណុចដៅនៃការចូលជាធរមាន។
លោករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានបញ្ជាក់ផងដែរ អំពីអត្ថប្រយោជន៍សំខាន់ៗដែលកម្ពុជានឹងទទួលបានពីការអនុម័តកិច្ចព្រមព្រៀងនេះ ដែលមានដូចជា៖
* សហគមន៍អន្តរជាតិទទួលស្គាល់ឆន្ទៈនយោបាយ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
* ជំរុញឱ្យប្រទេសមានឧស្សាហម្មជឿនលឿននាំមុខក្នុងការអនុវត្តកាតព្វកិច្ចតាមផ្លូវច្បាប់ និងមានការទទួលខុសត្រូវចំពោះការប្តេជ្ញារបស់ខ្លួន
* កម្ពុជាអាចនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពបន្ថែមដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ ជាពិសេសស គឺការអនុវត្តសកម្មភាពលើកកម្ពស់ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ កិច្ចការពារនិងអភិរក្សព្រៃឈើតាមរយៈការលក់កាបូន ការជ្រាបចូល ទឹកប្រៃ ការកែលំអហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលធន់នឹងអាកាសធាតុ ដូចមានចែងនៅក្នុង «ផែនការស្តីពីការចូលរួមចំណែករបស់រដ្ឋភាគីក្នុងការអនុវត្តអនុសញ្ញា»។
ជាចុងក្រោយ គណៈកម្មការនៃព្រឹទ្ធសភា បានឯកភាពនិងសម្រេចបញ្ជូន «សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ» ទៅក្នុងកិច្ចប្រជុំពេញអង្គនៃព្រឹទ្ធសភាក្នុងពេល ឆាប់ៗ៕