(ភ្នំពេញ)៖ ក្រុមជនជាតិចិនទាំង២នាក់ ដែលបានចាប់ជំរិតនារីជនជាតិចិនដូចគ្នា ហើយទាមទារប្រាក់ចំនួន១មឺុនដុល្លារនោះ ត្រូវបាន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ហ៊ឹង ប៊ុនថន សម្រេចចោទប្រកាន់ចំនួន២បទល្មើសគឺរំលោភសេពសន្ធវ: និងបង្ខាំងមនុស្សខុសច្បាប់ តាមមត្រា២៣៩ ២៥៣ និងមាត្រា ២៥៤ នៃក្រមព្រហ្មទណ្ឌ។
ក្រោយធ្វើការចោទប្រកាន់រួចមក លោកព្រះរាជអាជ្ញារង បានបញ្ជូនសំណុំរឿងនេះទៅដៃចៅក្រម ដើម្បីចាត់ការបន្តទៀតនៅរសៀលថ្ងៃដដែលនេះ។
សូមបញ្ជាក់ថា ក្រុមចាប់ជំរិតជនជាតិចិន២នាក់ ដែលបានចាប់ស្ត្រីជនជាតិដូចគ្នាជំរិតទារប្រាក់១ម៉ឺនដុល្លារ ពីថៅកែហាងម៉ាហ្សា បើមិនបានគំរាមសម្លាប់ចោលនោះ ត្រូវបាននគរបាល ខណ្ឌពោធិសែនជ័យ បញ្ជូនមកកាន់សាលាដំបូង នៅវេលាម៉ោង១០៖៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមច្បាប់។
ក្រុមជនចាប់ជំរិតទាំង២នាក់ បានត្រូវនគរបាល ខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ខ្លួនបានជាបន្តបន្ទាប់ ព្រមទាំងរំដោះបានស្ត្រីរងគ្រោះពីកណ្ដាប់ដៃជនទាំងនោះដោយសុវត្ថិភាពផងដែរ។
ប្រតិបត្តិការតាមចាប់ខ្លួនក្រុមជនចាប់ជំរិតនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥៖៣០នាទីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា នៅទីតាំងដែលពួកគេលាក់ខ្លួន និងបង្ខាំងស្ត្រីរងគ្រោះ ក្នុងផ្ទះសំណាក់យីហោ ដាល្លារ៉ាន់ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
នៅថ្ងៃទី២៤ ខែវិច្ឆិកា វេលាម៉ោង៣ទៀបភ្លឺ ជនសង្ស័យបានហៅជនរងគ្រោះពីបុរីញូវថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទៅដើរលេង ហូបបាយជាមួយគ្នា និងម៉ាស្សា បន្ទាប់មកបាននាំទៅកាន់ផ្ទះសំណាក់យីហោ ដាល្លារ៉ាន់ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជាកន្លែងបង្ខាំងនាងទុក។
លុះរហូតដល់ព្រឹកថ្ងៃដដែលនោះ ពួកឧក្រិដ្ឋជនបានទូរស័ព្ទទៅគំរាមថៅកែហាងឲ្យផ្ញើលុយឲ្យពួកគេ១ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែងស្ត្រីរងគ្រោះ ព្រោះពួកគេគឺជា ក្រុមចាប់ជំរិត បើគ្មានលុយទេនៅវេលាម៉ោង១២ថ្ងៃត្រង់ និងបន្តពន្យាពេលម៉ោង៣ ពួកគេនឹងសម្លាប់នាងរងគ្រោះចោលភ្លាម។
ពេលទទួលបានដំណឹងនេះ ថៅកែហាងម៉ាស្សាបានទៅប្ដឹងនគរបាល ខណ្ឌពោធិ៍សែនជ័យ ទើបមានការស្រាវជ្រាវរហូតកំណាត់បានមុខសញ្ញា ព្រមទាំងទីកន្លែងដែល ពួកនោះលាក់ខ្លួននិងលាក់ចំណាប់ខ្មាំង ។ បន្ទាប់ពីកំណត់បានមុខសញ្ញាហើយ កម្លាំងសមត្ថកិច្ចបានធ្វើការចរចាពន្យារពេល ជាមួយជនសង្ស័យ រហូតធ្វើឲ្យ ជនសង្ស័យ ផ្លាស់ប្ដូរពេលវេលា ប្រគល់លុយពីថ្ងៃត្រង់មកម៉ោង៣រសៀល ថ្ងៃដដែលវិញ ហើយជនសង្ស័យតម្រូវឱ្យវេរលុយតាមវីង។
ក្រោយពីចរចាត្រូវរ៉ូវគ្នាអំពីពេលវេលាហើយ សមត្ថកិច្ចបានប្រកាសប្រាប់គ្រប់កន្លែងវីងវេរលុយទូទាំងក្រុងតាខ្មៅថា បើមានជនណាមកដកលុយ តាមលេខកូដ ដែលសមត្ថកិច្ចបានប្រាប់នេះ គឺត្រូវរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាម ព្រោះជនដែលមកដកលុយនោះជាជនចាប់ជំរិត។ ក្រោយមកក៏លេចមុខក្រុមជនល្មើស ទៅដកប្រាក់សមត្ថកិច្ចក៏ឡោមព័ទ្ធ ចាប់ខ្លួនតែម្ដង៕
</p