(កែប)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា បច្ចុប្បន្ននេះ ក្រសួងសង្គមកិច្ច កំពុងចាត់ឲ្យមន្រ្តីនៅតាមបណ្តាខេត្តអង្កេត និងស្រង់ស្ថិតិ រកជនក្រីក្រ និងពិការឲ្យបានជាក់លាក់ ដើម្បីងាយស្រួល ចាត់ចែងជួយឧបត្ថម្ភថវិកាទ្រទ្រង់ការលំបាកប្រចាំថ្ងៃរបស់ពួកគាត់។
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចបញ្ជាក់ថា ដោយសារតែការផ្តល់ថវិកាជូនជនក្រីក្រ និងពិការ ហាក់ដូចជាមាន នីតិវិធីច្រើន ទើបមកដល់ពេលនេះ ការជួយឧបត្ថម្ភ ដល់ពួកគាត់នៅមានកំរិត តែយ៉ាងណាក្រសួងសង្គមកិច្ច នឹងខិតខំស្វែងរកបន្ថែមទៀត ដើម្បីដាក់បញ្ចូនប្រជាពលរដ្ឋក្រីក្រ និងពិការឲ្យទទួលបានការឧបត្ថម្ភពីក្រសួងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋមន្រ្តី វង សូត បានថែ្លងបែបនេះ ខណ: លោក និងលោក កែន សត្ថា អភិបាលខេត្តកែប ព្រមទាំង មន្រ្តីពាក់ព័ន្ធ ជាច្រើនរូបទៀត ចុះសាកសួរសុខទុក្ខ សំណេះសំណាល និងនាំយកនូវអំណោយ ចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង និងអតីតយុទ្ធជន ចំនួន ២០០គ្រួសារ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្រុងកែប ខេត្តកែប។
បន្ថែមពីលើនេះ លោក វង សូត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រញាប់ទៅចុះឈ្មោះបោះឆ្នោត ព្រោះថ្ងៃនេះ គឺជាថ្ងៃចុងក្រោយ នៃដំណើរការចុះឈ្មោះបោះឆ្នោតហើយ។
លោក កែន សត្ថា អភិបាលខេត្តកែប បានឲ្យដឹងថា ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់បានខិតខំអនុវត្តការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាបានល្អប្រសើរជូនប្រជាពលរដ្ឋទូទាំងខេត្ត និង ភ្ញៀវជាតិ អន្តរជាតិ ទាំងនៅលើដីគោក បណ្តាកោះ និងលម្ហសមុទ្រ។ ជាមួយគ្នានេះ គឺការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបរបរប្រចាំថ្ងៃ។
នៅក្នុងឱកាសនោះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានចែកអំណោយ ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង និងអតីតយុទ្ធជន ចំនួន ២០០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានកន្ទេល០១,មុង០១,ភួយ០១,សារុង០១,ប៊ីចេង០១កញ្ចប់,ទឹកត្រី០៦ដប,ទឹកស៊ីអ៊ីវ០៦ដប,ត្រីខ០៦កំប៉ុង,ប្រេងឆា០១ដប,អង្គរ២៥គីឡូ និងថវិកា២ម៉ឺនរៀល៕