(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានសហការគ្នាចុះត្រួតពិនិត្យរថយន្ត ដែលមានលក្ខណៈខុសបច្ចេកទេស ព្រមទាំងបានធ្វើការអប់រំណែនាំអំពី ច្បាប់ចរាចរផ្លូវគោក និងបញ្ហាពាក់ព័ន្ធនានា ជូនដល់អ្នកបើកបររថយន្តទាំងនោះ ដើម្បីជៀសវាងបញ្ហាគ្រោះថ្នាក់ផ្សេងៗ។
លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការខេត្ត បានប្រាប់ភា្នក់ងារ Fresh News ថា ការចុះត្រួតពិនិត្យ និងធ្វើការអប់រំដល់អ្នកបើកបរនេះ ធ្វើឡើងដោយមានការណែនាំពី លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលកម្លាំងចម្រុះខាងលើបានដាក់ទីតាំងត្រួតពិនិត្យ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដោយមានការសហការគ្នាយ៉ាងសកម្ម រវាងកម្លាំងមន្ត្រីសាធារណការខេត្ត កម្លាំងនគរបាលចរាចរផ្លូវគោក និងកម្លាំងអាវុធហត្ថខេត្ត។
លោកប្រធានមន្ទីរបានបន្តថា រថយន្តនីមួយៗត្រូវមានប្រវែងទទឹង ៣ម៉ែត្រ បណ្តោយមិនត្រូវលើសពី ១២.២ម៉ែត្រ។ រថយន្តសណ្តោងរ៉ឺម៉ក និងរថយន្តក្រុងបត់ចង្កេះ ត្រូវមានប្រវែងមិនលើសពី ១៦ទៅ១៨ម៉ែត្រ ឡើយ។
លោកវរសេនីយ៍ឯក អ៊ុំ សុផល ស្នងការរងនគរបាលខេត្ត ក៏ដូចជា លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការអាវុធហត្ថខេត្តដែរ បានឲ្យដឹងថា ចាប់ពីម៉ោង ៧ដល់ម៉ោង៩ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មន្ត្រីចម្រុះឃាត់បានរថយន្តធុនធំ និងធុនតូចជាច្រើនគ្រឿង ដោយបានរកឃើញថាមានខុសបច្ចេកទេស។
ទាំងថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ក៏បានធ្វើការអប់រំណែនាំបន្ថែម ដល់អ្នកបើកបររថយន្ត ត្រូវរៀបចំរថយន្តរបស់ខ្លួនឲ្យមានលក្ខណៈស្របទៅតាមច្បាប់កំណត់ឡើងវិញ ពិសេសក្នុងពេលបើកបរម្ដងៗ ចាំបាច់ត្រូវតែគោរពច្បាប់ចរាចរផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។ ចំពោះការផ្ទុកទំនិញទៀតសោត ក៏មិនត្រូវផ្ទុកលើសលប់ ហួសព្រំដែនដែលច្បាប់បានកំណត់ ផងដែរ៕