(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ បានបើកសវនាការបណ្តឹងទាស់របស់ឧកញ៉ា ខូវ ផល្លាបុត្រ ពាក់ព័ន្ធសំណុំរឿងសមគំនិតរៀបចំគម្រោង រំលោភសេពសន្ថវៈ និងសម្លាប់ក្រុមគ្រួសារលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ទោះបីយ៉ាងណាក្រោយការសួរដេញដោល លោកចៅក្រម សាន សុផាត បានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១២ ខែធ្នូ ខាងមុខនេះវិញ។
សូមជំរាបថា សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ បានប្រកាសសាលក្រមផ្តន្ទាទោសឧកញ៉ា ខូវ ផល្លាបុត្រ និងអ្នកស្រី ឡាយ ហួង ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ២០ឆ្នាំ។
ក្រោយការសម្រេចនេះ អ្នកស្រី ឡាយ ហួង បានប្តឹងទៅសាលាឧទ្ធរណ៍ រីឯឧកញ៉ា ខូវ ផល្លាបុត្រ បានប្តឹងទាស់នឹងសាលក្រមកំបាំងមុខនេះ។ នាពេលសវនាការ លោក លឹម វណ្ណា មេធាវីការពារក្ដីឧកញ៉ា ខូវ ផល្លាបុត្រ ស្នើតុលាការទម្លាក់បទចោទប្រកាន់លើកូនក្តី។ ប៉ុន្តែ លោក សៀង សុខ ជាតំណាងអយ្យការ សន្និដ្ឋានតម្កល់ទោសនេះទុកជាបានការដដែល៕