(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហភាពសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងក្រសួងពាក់ព័ន្ធជាច្រើនទៀត នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំជជែកពិភាក្សាដេញដោលជាមួយគ្នា ដើម្បីស្វែងរកគន្លឹះក្នុងការដោះស្រាយបញ្ហាស្រូវ អង្ករ របស់កម្ពុជា ដែលកំពុងប្រឈមនាពេលបច្ចុប្បន្នជាពិសេសការធ្លាក់តម្លៃស្រូវ អង្កររបស់ប្រជាកសិករតែម្តង។
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំរោងម៉ាស៊ីនកិនស្រូវ អ្នករកស៊ីនាំចេញអង្ករ។ តំណាងរាជធានី ខេត្ត និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទូទាំងប្រទេស ក៏ត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្វែងរកដំណោះស្រាយលើបញ្ហាស្រូវ អង្កររបស់កម្ពុជានេះផងដែរ។
លោក វេង សាខុន បានឲ្យដឹងថា កិច្ចប្រជុំនេះ គឺមានគោលដៅសំខាន់ក្នុងការឆ្លើយតបបញ្ហាស្រូវ អង្ករ របស់ប្រជាកសិករខ្មែរ ជាពិសេសគឺការធ្លាក់តម្លៃស្រូវនាពេលបច្ចុប្បន្ននេះតែម្តង។ បើតាមលោក វេង សាខុន កិច្ចប្រជុំនេះ នឹងត្រូវធ្វើឡើងរយៈពេលពេញមួយថ្ងៃតែម្តង ដោយនឹងពិភាក្សាទៅលើប្រធានសំខាន់ៗជាច្រើន ដូចជាការពង្រឹងគុណភាពក្នុងការដាំដុះស្រូវ ការសម្រិតសម្រាំងពូជ ការបញ្ចូលវីតាមីនទៅលើដំណាំស្រូវ ព្រមទាំងឧបស័គ្គក្នុងការនាំចេញអង្កររបស់ក្រុមអ្នករកស៊ីនាំចេញអង្ករផងដែរ។
លោក វេង សាខុន បានបង្ហាញក្តីរំពឹងថា កិច្ចប្រជុំរួមគ្នាដ៏ធំរវាងអ្នកពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករទាំងអស់នៅកម្ពុជានេះ នឹងអាចស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមក្នុងវិស័យស្រូវអង្កររបស់កម្ពុជានាពេលបច្ចុប្បន្ន។
លោក វេង សាខុន ថ្លែងថា បញ្ហាស្រូវអង្កររបស់កម្ពុជា អាចនឹងដោះស្រាយបានប្រសិនបើភាគីពាក់ព័ន្ធទាំងអស់បង្ហាញសមានចិត្ត និងចូលរួមវិភាគទានគ្រប់គ្នា ដើម្បីដោះស្រាយបញ្ហា ដោយមិនទម្លាក់ភារកិច្ចតែទៅលើភាគីណាមួយនោះ។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ បានធ្វើឡើងភ្លាមៗឆ្លើយតបទៅហ្នឹងបញ្ហាប្រឈមលើវិស័យស្រូវអង្កររបស់កម្ពុជា ជាពិសេស គឺការធ្លាក់តម្លៃស្រូវរបស់ប្រជាកសិករខ្មែរតែម្តង៕