Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: ឆេះឡសម្ងួតស្រូវ នៅរោងម៉ាស៊ីនកិនស្រូវ «ហ្គោលឌិនរ៉ាយ» បានរលត់ហើយ ក្រោយប្រើទឹកអស់២០ឡាន

30-11-2016 10:06

(កំពង់ស្ពឺ)៖ អគ្គិភ័យដែលបានឆេះឡសម្ងួតស្រូវ ដែលផ្ទុកពេញទៅដោយស្រូវ នៅក្នុងរោងម៉ាស៊ីនកិនស្រូវ «ហ្គោលឌិនរ៉ាយ» ស្ថិតនៅភូមិតាឡក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ តាំងពីម៉ោងជាង១២រំលងអាធ្រាត្រ មកនោះបានរលត់ហើយ គិតត្រឹមវេលាម៉ោង ប្រមាណ៩ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យមួយនេះ កម្លាំងសមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ដោយប្រើទឹកអស់២០រថយន្ត។

សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់រោងម៉ាស៊ីនកិនស្រូវនេះ មានឈ្មោះ សុខ ហាច អាយុជាង៥០ឆ្នាំ។

តាមសេចក្តីរាយការណ៍នៅក្នុងឡសម្ងួតនោះ គឺផ្ទុកពេញទៅដោយស្រូវ ដែលគេដាក់សម្ងួតមុននិងយកទៅកិនចេញជាអង្ករ។

តែសម្រាប់ទំហំនៃការខូចខាតនោះ មិនទាន់ដឹងថា គិតជាទឹកប្រាក់អស់ប៉ុន្មាននោះទេ ពោលគឺស្រូវមួយឡសម្ងួតនេះ ត្រូវឆេះខ្ទេចតែម្តង។ ហើយរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ត្រូវបានសមត្ថកិច្ចដាក់ប្រចាំនៅទីនោះ ដើម្បីជួយអន្តរាគមន៍បន្តទៀត បើភ្លើងអាចឆេះវិញ ពោលដកតែ៣គ្រឿងប៉ុណ្ណោះ៕