(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ប្រាជ្ញ ច័ន្ទ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួម អធិបតីភាព ប្រកាសផ្ទេរភារកិច្ច និង​ផ្លាស់ប្តូរតំណែងស្នងការនគរបាលខេត្តខេត្តត្បូងឃ្មុំ។

យោងលិខិតស្នើផ្លាស់ប្តូររបស់នាយឧត្តមសេនីយ៍ នេត សាវឿន ផ្ញើជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃបានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ត្រូវបានផ្លាស់ប្តូរពីស្នងការនគរបាលខេត្តត្បូងឃ្មុំ ទៅជាអនុប្រធាន នាយកដ្ឋានសរុបផែនការ នៃសេនាធិការដ្ឋាន ហើយលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ត្រូវបានផ្លាស់ប្តូរពីស្នងការនគរបាលខេត្តកំពង់ចាម មកជាស្នងការនគរបាលខេត្តត្បូងឃ្មុំ។

ដោយឡែកលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវបានតែងតាំង ជាស្នងការនគរបាលខេត្ត ដែលពិធីតែងតាំងជាផ្លូវការនឹងត្រូវធ្វើឡើង នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកានេះផងដែរ៕