(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជាតំណាងរបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់អនុសាសន៍បញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបង្កើនការចុះបង្ក្រាបផលិតក្លែងក្លាយ ពិសេសឱសថហាមឃាត់ ឲ្យកាន់មានប្រសិទ្ធភាពខ្លាំងក្លាថែមទៀត។
បទបញ្ជាដ៏ម៉ឺងមាត់ទាំងនេះ ត្រូវបានធ្វើឡើងក្នុងពិធីបិទអង្គសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការពង្រឹងការអនុវត្តច្បាប់ ដើម្បីស្រាវជ្រាវស៊ើបអង្កេតប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងឱសថព្យាបាលជំងឺគ្រុនចាញ់ហាមឃាត់ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារអង្គរផារ៉ាឌី ខេត្តសៀមរាប ដែលមានសិក្ខាកាមចូលរួមចំនួន ៧១នាក់ (ស្រី១នាក់) មកពីខេត្តសៀមរាប កំពង់ធំ បន្ទាយមានជ័យ និងឧត្តរមានជ័យ។
អង្គសិក្ខាសាលាថ្នាក់តំបន់នេះ ក៏មានការចែកវិញ្ញាបត្រជូនសិក្ខាកាមផងដែរ។ ក្រោយពីបញ្ចប់ការចែកវិញ្ញាបត្រជូនសិក្ខាកាម រួចមក លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានដាក់អនុសាសន៍ និងសំណូមពរមួយចំនួនដល់សិក្ខាកាម រួមមាន៖
១៖ ត្រូវខិតខំពង្រឹងការងារតាមដាន និងវាយតម្លៃដើម្បីធានាថា សកម្មភាពអនុវត្តការងារ កន្លងមក ដើរចំទិសដៅ និងសម្រេចបានជោគជ័យ ក្នុងការអនុវត្តន៍គោលនយោបាយ ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងចូលរួមសហការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺគ្រុនចាញ់។
២៖ ត្រូវខិតខំបន្តអភិវឌ្ឍន៍ធនធានមនុស្ស ដល់កងកម្លាំងនគរបាលសេដ្ឋកិច្ច ដោយបើកវគ្គបណ្តុះបណ្តាល និងបំប៉នជំនាញរយៈពេលខ្លី និងរយៈពេលវែងនៅនឹងកន្លែង ទាំងក្នុងប្រព័ន្ធបណ្តុះបណ្តាលជារួម និងបន្តទៅដល់មូលដ្ឋានផ្ទាល់។
៣៖ ត្រូវលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ បង្កើនការយល់ដឹងដោយធ្វើការផ្សព្វផ្សាយអំពី ច្បាប់, គោលនយោបាយ, ប្រកាស, គោលការណ៍, ផែនការរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសត្រូវជំរុញការលើកទឹកចិត្ត និងផ្តល់ប័ណ្ណកិត្តិយសដល់មន្រ្តីអនុវត្ត ដែលមានស្នាដៃល្អ តាមគ្រប់មធ្យោបាយដែលអាចធ្វើបាន។
៤៖ ត្រូវខិតខំអនុវត្តការងារជំនាញស្រាវជ្រាវស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ដោយសហការជាមួយអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ ក្នុងសហគមជាតិ-អន្តរជាតិនានា ដើម្បីឈានទៅធ្វើការបង្ក្រាឲ្យបានទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់។
៥៖ ត្រូវមានសាមគ្គីភាពល្អក្នុងជួរកងកម្លាំង ក៏ដូចនៅក្នុងអង្គភាពទាំងមូល។
សូមជម្រាបថា សិក្ខាកាមដែលជាមន្រ្តីនពាក់ព័ន្ធទាំងនោះ បានប្ដេជ្ញាខិតខំអនុវត្តការងារដែលថ្នាក់ដឹកនាំបានដាក់ជូន ឲ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដើម្បីទប់ស្កាត់បទល្មើសនានា ដែលជាបញ្ហារាំងខ្ទប់ដល់ការអភិវឌ្ឍសង្គម៕