(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់កម្លាំងមន្រ្តីនគរបាលចរាចរណ៍មួយចំនួន ត្រូវធ្វើការផ្លាស់ប្ដូរអាកប្បកិរិយា សំដីសំដៅរបស់ខ្លួន ចំពោះប្រជាពលរដ្ឋឡើងវិញ និងត្រូវអនុវត្តការងារទៅតាមច្បាប់ ព្រោះប្រជាពលរដ្ឋមិនពេញចិត្តនឹងកំហុងឆ្គងដដែលៗទាំងនេះទេ។
ថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងពេលជួបជាមួយមន្ត្រីនគរបាលចរាចរណ៍ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមសហអធិបតីភាព លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ប៉ា សុជាតិវង្ស។
លោក ប៉ា សុជាតិវង្ស បញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់លោកថា «មានភាពអសកម្មរបស់មន្ត្រីយើងមួយចំនួន ដែលបង្កឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋផងដែរ។ ជាការផ្តាំផ្ញើ ខ្ញុំស្នើបងប្អូនមន្ត្រីប៉ូលីសយើង ត្រូវផ្លាស់ប្តូរអាកប្បកិរិយា សំដីសំដៅ និងធ្វើការផាកពិន័យទៅតាមច្បាប់កំណត់»។
លោកអភិបាលរាជធានី បានឲ្យដឹងថា «រាជធានីភ្នំពេញមានវិសាលភាព ទ្វេដង ជាមួយនឹងកំណើនយានយន្តប្រមាណ ៤០ម៉ឺនគ្រឿង ទោចក្រយានយន្តប្រមាណ ១.៤លានគ្រឿង និងរថយន្តតាមបណ្តាខេត្តប្រមាណ៣០ម៉ឺនគ្រឿងទៀត ធ្វើចរាចរណ៍ចេញចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាហេតុធ្វើឲ្យមានបញ្ហាកកស្ទះចរាចរណ៍»។
យ៉ាងណាក៏ដោយ លោក ប៉ា សុជាតិវង្ស ក៏បានកោតសរសើរចំពោះមន្រ្តីនគរបាលចរាចរ ដែលកន្លងមក ពួកគាត់បានប្រឹងប្រែងបំពេញការងារ និងជួយសម្រួលការកកស្ទះចរាចរណ៍ ជូនប្រជាពលរដ្ឋ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕