(កំពង់ស្ពឺ)៖ ឡសម្ងួតស្រូវ ដែលផ្ទុកពេញទៅដោយស្រូវ នៅក្នុងរោងម៉ាស៊ីនកិនស្រូវ «ហ្គោលឌិនរ៉ាយ» ស្ថិតនៅភូមិតាឡក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានអគ្គីភ័យឆាបឆេះតាំងពីម៉ោងជាង ១២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា រហូតមកដល់ព្រឹកថ្ងៃដដែលនេះមិនទាន់រលត់នៅឡើយទេ។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កងកម្លាំងនគរបាលពន្លត់អគ្គិភ័យ កម្លាំងកងរាជអាវុធហត្ថ រួមនិងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង កំពុងតែធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីបាញ់ពន្លត់ភ្លើងនេះ។
សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់រោងម៉ាស៊ីនកិនស្រូវនេះ មានឈ្មោៈ សុខ ហាច អាយុជាង ៥០ឆ្នាំ។
គេនៅមិនទាន់ដឹងពីមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះអគ្គិភ័យ និងទំហំ នៃការខូចខាតនៅឡើយនោះទេ។ តែបើតាមសេចក្តីរាយការណ៍នៅក្នុងឡសម្ងួតនោះ គឺផ្ទុកពេញទៅដោយស្រូវ ដែលគេដាក់សម្ងួតមុននិងយកទៅកិនចេញជាអង្ករ៕