Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តកូនប្រុស «លោក ហ៊ុន ម៉ាណែត» ឲ្យបន្តធ្វើការងារដើម្បីប្រជាពលរដ្ឋ

29-11-2016 23:51

(ភ្នំពេញ)៖ នៅវេលាម៉ោងជាង ១១យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពកូនប្រុសរបស់ខ្លួន គឺលោក ហ៊ុន ម៉ាណែត និងកូនប្រសារលោកស្រី ពេជ្រ ចន្ទមុនី ជាច្រើនសន្លឹកពេលដឹកនាំក្រុមការងារចុះធ្វើសកម្មភាពមនុស្សធម៌នៅតំបន់អារ៉ែងក្នុងខេត្តកោះកុង ដែលជាតំបន់ដាច់ស្រយាលមួយ នៃប្រទេសកម្ពុជា។

ជាមួយនិងការបង្ហោះរូបភាពរបស់កូនប្រុស និងកូនប្រសាររួមជាមួយក្រុមការងារ ដែលបានពុះពារឆ្លងកាត់ទឹក កាត់ព្រៃ និងផ្លូវភគ់ដ៏សែនលំបាកនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលេចជាមួយសារលើកទឹកចិត្តកូនប្រុស និងកូនប្រសារឲ្យប្រឹងប្រែងបន្តការងារនេះបន្តទៅទៀត ព្រោះជាការងារមួយដ៏ត្រឹមត្រូវ និងជាការងារដែលប្រជាពលរដ្ឋត្រូវការ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចយ៉ាងដូច្នេះ «កូនខ្ញុំបាននិងកំពុងធ្វើនៅកិច្ចការដែលប្រជាជនកំពុងត្រូវការ។ ធ្វើបានច្រើន ប្រសើរជាងធ្វើបានតិច ធ្វើបានតិចប្រសើរ ជាងមិនបានធ្វើ។ បន្តការងារនេះទៀត មិនខុសទេកូន»

សូមបញ្ជាក់ថា នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោក ហ៊ុន ម៉ាណែត និងភរិយារបស់លោក គឺលោកស្រី ពេជ្រ ចន្ទមុនី បានដឹកនាំក្រុមការងារមួយក្រុម ដោយបានធ្វើដំណើរឆ្លងកាត់ទឹក កាត់ព្រៃប្រឹក្សា និងផ្លូវភគ់ល្បាប់ដ៏លំបាក ដើម្បីចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់អារ៉ែង ក្នុងស្រុកថ្មបាំង ខេត្តកោះកុង ព្រមទាំងប្រគល់អណ្តូងទឹកស្អាតចំនួន ១៦ជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលនោះ។

អណ្តូងទឹកស្អាតទាំង ១៦នេះ ត្រូវបានកសាងឡើងដោយមូលនិធិលោកតា ហ៊ុន នាង និង លោកយាយ ឌីប៉ុក ដែលឪពុកម្តាយរបស់សម្តេចតេជោ ហ៊ុន សែន និងមូលនិធីរបស់លោកយាយ ប៉ុន ស៊ាងលី និងលោកតា លីន គ្រី ជាម្តាយឪពុក របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕