(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និង នាយកប្រតិបត្តិក្រុមហ៊ុននៅកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានជួបអាហាររួមគ្នា និងពិភាក្សាបញ្ហាមួយចំនួន ដែលកំពុងប្រឈមលើមុខជំនួញរបស់ពួកគេ ជាពិសេសរវាងវិស័យសាធារណៈ និង វិស័យឯកជន។
ជំនួបពិភាក្សានោះ ក៏មានការចូលរួមពីលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ដ្រ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោកស្រី តូច ចន្ទកេសី អគ្គនាយកស្ដីទីសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកគយ និងរដ្ឋាករ និងលោក ហេង សុខគុណ រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងតំណាងរបស់ក្រុមហ៊ុនបរទេស និង វិនិយោគិន ក៏ដូចជាដៃគូរអភិវឌ្ឍ ដែលមានសហគមន៍អឺរ៉ុប និងធនាគារពិភពលោក ដើរតួនាទីជាអ្នកសម្របសម្រួល ។
កិច្ចប្រជុំលើកទី៧នេះ បានពិភាក្សាលើប្រធានស្ដីពី «ការវិនិយោគបរទេសដោយផ្ទាល់ និងទំនាក់ទំនងជាមួយឧស្សាហកម្មក្នុងស្រុក»។ នាយកប្រតិបត្តិក្រុមហ៊ុន ដែលបានចូលរួម ត្រូវបានផ្តល់ឱកាសយ៉ាងទូលាយឲ្យលើកជាបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីបានជា ព័ត៌មានជូនតំណាងរបស់រាជរដ្ឋាភិបាលសម្រាប់ស្វែងរកកិច្ចអន្តរាគមន៍នានា។
បញ្ហាភាគច្រើន ដែលបានលើកឡើងក្នុងកិច្ចប្រជុំមានដូចជា កង្វះខាតអ្នកផ្គត់ផ្គង់ក្នុងស្រុកសម្រាប់ផ្គត់ផ្គង់វត្ថុធាតុដើម ដែលជាធាតុផ្សំចាំបាច់ក្នុងការផលិត, អ្នកផ្គត់ផ្គង់ភាគច្រើនមានភាពខ្វះខាតដូចជាធនធានមនុស្ស ទំហំ នៃការផ្គត់ផ្គង់ បច្ចេកវិទ្យា ចំណេះដឹង ឬ មិនអាចទុកចិត្តបានជាដើម។
បញ្ហាប្រឈមនោះ ក៏មានកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ តម្លៃអគ្គិសនី ដែលមានតម្លៃថ្លៃជាងប្រទេសជិតខាង ក៏ដូចជាគោលនយោបាយនិងនីតិវិធីមួយចំនួន ដែលនៅមិនទាន់ច្បាស់នៅឡើយ ដែលបង្កើតជាបញ្ហាដល់ក្រុមហ៊ុនទាំងហិរញ្ញវត្ថុ និង ធនធានមនុស្ស។
ចំពោះបញ្ហាប្រឈមទាំងនោះ ក្រុមហ៊ុន ក៏បានផ្ដល់ជូនដំណោះស្រាយមួយចំនួនផងដែរ។ ក្រុមហ៊ុនមួយចំនួន បានចាត់ទុកការប្រើប្រាស់វត្ថុធាតុដើម ឬធនធានក្នុងស្រុក គឺជាការសំខាន់មួយក្នុងប្រតិបត្តិការរបស់គេ។ ដូចនេះក្រុមហ៊ុនបរទេសអាចទាក់ទាញយកដៃគូផ្គត់ផ្គង់របស់គេមកវិនិយោគព្រមគ្នា ហើយដៃគូផ្គត់ផ្គង់នោះ អាចចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីសម្រួលដល់ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ដែលជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មក្នុងស្រុក និង អនុញ្ញាតឲ្យក្រុមហ៊ុនក្នុងស្រុកមានឱកាសក្នុងការពង្រីកខ្លួនដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ពេញលេញ។
ក្រុមនាយកប្រតិបត្តិក្រុមហ៊ុនឯកជន បានលើកឡើងទៀតថា ការប្រើប្រាស់វត្ថុធាតុដើម ឬ ធនធានក្នុងស្រុកនេះ ក្រុមហ៊ុនបរទេស ក៏អាចជួយក្នុងការអភិវឌ្ឍ អ្នកផ្គត់ផ្គង់ ក្នុងរូបភាពមួយផ្សេងទៀត ដោយជួយដោយផ្ទាល់ដល់ក្រុមហ៊ុនក្នុងស្រុកឲ្យក្លាយជាដៃគូមួយសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ ចំពោះបញ្ហាថ្លៃអគ្គិសនី ក្រុមហ៊ុនក៏កំពុងតែពិចារណារលើការប្រើប្រាស់ប្រភពអគ្គិសនីថ្មីៗ ប៉ុន្តែអាស្រ័យលើគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្រៅពីនេះក្រុមហ៊ុនទាំងអស់ស្នើសុំឲ្យរាជរដ្ឋាភិបាលពិនិត្យឡើងវិញនូវគោលនយោបាយ និងនីតិវីធីមួយចំនួន ដើម្បីឲ្យមានភាពងាយស្រួល និងច្បាស់លាស់សម្រាប់ឲ្យក្រុមហ៊ុនទាំងអស់ប្រតិបត្តិ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ក៏ដូចជាតំណាងដទៃទៀតរបស់រាជរដ្ឋាភិបាល បានឯកភាពថា បញ្ហាប្រឈមដែលបានលើកឡើងសុទ្ធសឹងតែជាបញ្ហាចាំបាច់ដែលត្រូវការដោះស្រាយ។
លោក ប៉ាន សូរស័ក្តិ បន្តថា រាជរដ្ឋាភិបាលបានយល់ឃើញថា ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈជាជំហ៊ានបន្ទាប់ ដើម្បីប្រែក្លាយពលកម្មកម្ពុជាទៅជាពលកម្មមានបច្ចេកទេស និងចំណេះដឹងគ្រប់គ្រាន់ សម្រាប់ជួយទ្រទ្រង់ដល់ការលូតលាស់ នៃវិស័យឧស្សាហកម្ម។
លោករដ្ឋមន្រ្តី បានមើលឃើញថា បច្ចេកវិទ្យាវិញ គឺជាកត្តាចាំបាច់បំផុត ប្រសិនបើកម្ពុជាចង់ពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួនជាមួយនឹងប្រទេសដទៃទៀត ដែលឧស្សាហកម្មរបស់គេមានការអភិវឌ្ឍ និងបច្ចេកវិទ្យាខ្ពស់។
លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលអបអរចំពោះក្រុមហ៊ុនទាំងអស់ ដែលមានគំនិតផ្ដួចផ្ដើមក្នុងការជួយអភិវឌ្ឍក្រុមហ៊ុនក្នុងស្រុក ដើម្បីកាត់បន្ថយគម្លាតជំនាញ និងចំណេះដឹង។ រាជរដ្ឋាភិបាល ក៏អាចជួយសម្របសម្រួលឲ្យក្រុមហ៊ុនបរទេសជួបជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីបានជួបពិភាក្សាគ្នាក្នុងការប្របកធុរកិច្ច ហើយក៏អាចជួយទាក់ទាញអ្នកផ្គត់ផ្គង់បរទេសមកដាក់ទុនវិនិយោគនៅកម្ពុជាបានផងដែរ»។
ចំពោះបញ្ហាទាក់ទងនឹងហេដ្ឋរចនាសម្ព័ន្ធ តម្លៃអគ្គិសនី និងសម្រួលគោលនយោបាយនិងនីតិវិធីវិញ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិថា រាជរដ្ឋាភិបាលបានរៀបចំហើយនូវដំណោះស្រាយមួយចំនួន ដោយបញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់អ្នកវិនិយោគក្រៅស្រុកបណ្ណុះទេ តែក៏ប៉ះពាល់ដល់អ្នកប្រកបរបរអាជីវកម្មទាំងមូល។
លោករដ្ឋមន្ត្រី លើកទឹកចិត្តឲ្យវិនិយោគិនទាំងអស់ធ្វើការឲ្យជិតស្និទ្ធជាមួយនឹងក្រសួងពាណិជ្ជកម្ម ដែលតែងតែត្រៀមជានិច្ច ដើម្បីជួយដោះស្រាយបញ្ហាតាមដែលអាចធ្វើទៅបាន ដើម្បីគាំទ្រដល់ការរីកដោះដាលនៃឧស្សាហកម្មកម្ពុជា៕
http://image.freshnewsasia.com/2016/099/fn-2016-11-29-18-18-41-0.JPG