នៅថ្ងៃស្អែកនេះ តុលាការកំពូល នឹងប្រកាសសាលដីកាលើសំណុំរឿងសុំមោឃភាពនីតិវិធីចំពោះមន្ត្រីអាដហុក និងគ.ជ.ប
29-11-2016 18:37
(ភ្នំពេញ)៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្អែកនេះ តុលាការកំពូលនឹងប្រកាសសាលដីកា លើសំណុំរឿង សុំមោឃភាពនីតិវិធីតុលាការ ចំពោះមន្រ្តីអាដហុក ៤រូប និងគ.ជ.ប ១រូប។
សំណុំរឿងនេះ ត្រូវបានតុលាការកំពូល បើកសវនាការ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ សវនាការនេះដឹកនាំដោយ លោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ។ កម្មវត្ថុនៃសវនាការនេះគឺបណ្តឹងសុំមោឃភាព នីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ។
សូមជំរាបថា មន្ត្រីអាដហុក៤រូប និងមន្ត្រីគជប បានជាប់ចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី នៅក្នុងរឿងសញ្ចារកម្ម ពាក់ព័ន្ធនឹងអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់ លោក កឹម សុខា។ ក្រុមជនត្រូវចោទទាំង៥នាក់ត្រូវបាន លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ៕