(សៀមរាប)៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម ខេត្តសៀមរាប ព្រមទាំងលោក លោកស្រីជាសមាជិកគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា អនុសាខា និងអ្នកស្ម័ត្រចិត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនបងប្អូនអ្នកផ្ទុកមេរោគអេដស៍ ចំនួន១០គ្រួសារ ក្នុងក្រុងសៀមរាប។
ការចុះសួរសុខទុក្ខ និងនាំយកនូវអំណោយនេះ ក្នុងគោលបំណង ដើម្បីគាំទ្រ សម្តេចកិត្តិព្រឹបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិការភាពជាអ្នកដឹកនាំ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍ នៅកម្ពុជា និងដើម្បីអបអរសាទរទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៦។
អំណោយ បានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្គរ ២៥គីឡូក្រាម មី១កេស ត្រីខ១ យួរ ទឹកស៉ីអ៉ីវ១យួរ ទឹកដោះគោ២ កំប៉ុង ស្ករស១គីឡូក្រាម ទឹកបរិសុទ្ធ ២យួរ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ និងថវិកា៤០,០០០រៀល៕