(សៀមរាប)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងថា អង្គសន្និសីទវិទ្យាសាស្រ្ត សំរាប់ពីរតំបន់ ប៉ាស៊ីហ្វិកខាងលិច និង អាស៊ីអាគ្នេយ៍លើកទី ៨ ជាវេទិកាដ៏មានសារៈសំខាន់ ដែលអ្នកអេពីដេមីសាស្រ្តទើបបញ្ចប់ ការសិក្សាអាចចែករំលែកនូវព័ត៌មាន រវាងតំបន់នានា តស៊ូមតិដើម្បីឱ្យមានការវិនិយោគរៀនសូត្រ អំពីការអភិវឌ្ឍន៍ វិទ្យាសាស្រ្តថ្មីៗ និងចែករំលែកនូវបទពិសោធន៍នានា រួមមានការលំបាក និងឱកាសនានា រួមបញ្ចូលទាំងវិធីសាស្រ្តនានា ដើម្បីពង្រឹងបណ្តាញ បណ្តុះបណ្តាល ផ្នែកអេពីដេមីសាស្រ្ត និងមុខវិជ្ជាពាក់ព័ន្ធនានា។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូមកពីតំបន់នានា នៅក្នុងពិភពលោក បន្ថែមនូវគុណ តំលៃចំពោះអង្គសន្និសីទ និងផ្តល់ឱកាស សំរាប់រៀនសូត្រ និងផ្លាស់ប្តូរព័ត៌មានឲ្យគ្នាទៅវិញទៅមក។

ចំពោះគណៈកម្មការរៀបចំសន្និសីទ នូវកិច្ចប្រឹងប្រែងនានា ធ្វើឱ្យព្រឹត្តិការណ៍នេះ កើតមានឡើង ជាពិសេសអង្គការ Safetynet, Telphinet និង Skoll Global Threat Fund ដែលបានផ្តល់ជំនួយ ទាំងបច្ចេកទេស និងថវិកាចំពោះ សន្និសីទ និងចំពោះមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺសហរដ្ឋអាមេរិក US-CDC អង្គការសុខភាពពិភពលោក អង្គការ FAO និងដៃគូដ៏ទៃទៀត។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់បែបនេះ ខណៈលោក វូលរួមនៅក្នុងឱកាសបើកអង្គសន្និសីទវិទ្យាសាស្រ្ត សំរាប់ពីរ តំបន់ប៉ាស៊ីហ្វិកខាងលិច និង អាស៊ីអាគ្នេយ៍លើកទី៨ នៅសណ្ឋាគារ អប្សារា ប៉ាលេស ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៦។

ពិធីសន្និសីទនេះ ក៏មានការចូលរួមពី លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត Liu Yunguo តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកបណ្ឌិត Alden Henderson មជ្ឈមណ្ឌល ប្រយុទ្ធនឹងជំងឺសហរដ្ឋអាមេរិក USCDC លោកវេជ្ជបណ្ឌិត Dionisio Herrera  ប្រធានអង្គការ TELPHINET និងមន្រ្តី ពាក់ព័ន្ធជាច្រើននាក់ទៀត។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបន្ថែមថា ដើម្បីរំដោះនូវរបាំងប្រើប្រាស់សេវាសុខាភិបាល  ក្រសួងសុខាភិបាលក្រោមការ ដឹកនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចូលមូលនិធិសមធម៌ ការធានារ៉ាប់រងសុខភាពនៅ សហគមន៍ ទីភ្នាក់ងារប្រតិបត្តិការពិសេស និងការផ្តល់ប្រាក់លើកទឹកចិត្តចំពោះឆ្មប ដើម្បីធានាថា សេវាសុខាភិបាល ជាសារវ័ន្ត បានទៅដល់ប្រជាជនគ្រប់រូប ជាពិសេសជនក្រីក្រ និងជនងាយរងគ្រោះ។ ក្រសួងសុខាភិបាលមានផែនការ នឹងពង្រីកវគ្គសិក្សារយៈពេល១ឆ្នាំ ដើម្បីពង្រឹងគុណភាពនៃការបណ្តុះបណ្តាល។តាមការ ប៉ាន់ប្រមាណប្រទេសកម្ពុជា ត្រូវការអ្នកអេពីដេមីសាស្រ្តប្រមាណ ៧៥នាក់។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសំដែងនូវអំណរគុណ ចំពោះមជ្ឈមណ្ឌលប្រយុទ្ធនឹង ជំងឺសហរដ្ឋអាមេរិក US-CDC, The Defense Threat Reduction Agency (DTRA), អង្គការសុខភាពពិភពលោក  អង្គការ FAO, OIE និងដៃគូដ៏ទៃទៀត ដែលបានផ្តល់ជំនួយបច្ចេកទេស និងថវិកាចំពោះវគ្គអេពីដេមីសាស្រ្តអនុវត្ត (Cambodian Applied Epidemiology Training ‘AET’) ដើម្បីសំរេចនូវគោលដៅនេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានដំណើរការវគ្គបណ្តុះបណ្តាលអេពីដេមីសាស្រ្តសំរាប់ពេទ្យសត្វផងដែរ (Cambodian Veterinary Epidemiology Training ‘CAVET’)។

គួបញ្ជាក់ថា ពិធីបើអង្គសន្និសីទវិទ្យាសាស្រ្ត សំរាប់ពីរតំបន់ប៉ាសីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍លើកទី៨ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៦ ដែលមានគណៈប្រតិភូប្រមាណ ៣០០នាក់ អញ្ជើញមកពី ទ្វីបអាស៊ី អឺរ៉ុប អាហ្រ្វិក អូសេអានី និងទ្វីបអាមេរិក នាខេត្តសៀមរាប ដែលជារាជធានីបុរាណ នៃអាណាចក្រអង្គរ។

គិតចាប់តាំងពីឆ្នាំ២០១១ មានមន្ត្រីសុខាភិបាលប្រមាណ២០០នាក់ បានបញ្ចប់ការសិក្សា វគ្គអេពីដេមីសាស្រ្តមូលដ្ឋាន រយៈពេល៦សប្តាសហ៍ និង ២៥ នាក់បានបញ្ចប់វគ្គបណ្តុះបណ្តាល អេពីដេមីសាស្រ្តកំរិតមូលដ្ឋាន រយៈពេល៦ខែ៕