(ភ្នំពេញ)៖ លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងបង្ហើបឲ្យដឹង នៅក្នុងពិធីបើកសម្ពោធ ចាក់បញ្ចាំងជាផ្លូវការនូវភាពយន្តខ្នាតធំ រឿង «វិកលចរិត» នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅឯផ្សារទំនើប អ៉ីអនម៉ល ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងយករឿង «វិកលចរិត» ទៅចូលរួមប្រកួតក្នុងកម្មវិធី មហោស្រពភាពយន្តអន្តរជាតិ នៅក្នុងប្រទេសចិន នាដើមខែក្រោយនេះ ព្រោះតែក្រសួងបានមើលឃើញថា រឿងនេះ មានលក្ខណៈបច្ចេកទេស និង គុណភាពស្ដង់ដារអន្តរជាតិ អាចចូលរួមប្រកួតប្រជែងបាន។
ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះ បានបញ្ជាក់ថា ភាពយន្តខ្នាតធំ រឿង «វិកលចរិត» គ្រាន់តែឮចំណងជើង ក៏មានសភាពប្លែក ចំឡែកអារម្មណ៍ដែរ លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះផលិតករ ដែលបានចំណាយធនធាន និងកម្លាំងកាយចិត្ត ផលិតរឿង «វិកលចរិត» ខណៈដែលរឿងនេះ មិនងាយនឹងមាននរណាផលិតឡើងបាន ដោយងាយស្រួលណាស់។
លោក ស៊ិន ច័ន្ទសាយ៉ា បានបន្ថែមថា ភាពយន្តរឿង «វិកលចរិត» ត្រូវបានក្រសួងវាយតម្លៃថា ល្អ មានគុណភាពសមស្រប ហើយមិនមែនជាភាពយន្តកំប្លែង ភ័យរន្ធត់ ឥតប្រយោជន៍ ដូចជាភាពយន្តដទៃ នាពេលកន្លងមកនោះទេ ព្រោះភាពវិកលចរិតរបស់មនុស្ស ត្រូវបានលាតត្រដាងក្នុងភាពយន្តនេះ ហើយនឹងធ្វើឲ្យអ្នកទស្សនាយល់កាន់តែច្បាស់។ លោកសង្ឃឹមថា ភាពយន្តនេះ នឹងទទួលបានជោគជ័យ ខណៈដែលក្រសួងនឹងយករឿងនេះ ទៅបង្ហាញនៅមហោស្រពភាពយន្ត ក្នុងប្រទេសចិន ដើមខែធ្នូ ខាងមុខនេះ។
ដោយឡែក លោក ហ៊ុយ យ៉ាឡេង ចាងហ្វាងផលិតកម្ម មាតុចក្រហ្វីលម៍ ជាផលិតករ និងជាតួឯកក្នុងរឿង «វិលចរិត» បានបង្ហាញមូលហេតុសំខាន់ៗ ដែលនាំឲ្យលោកផលិតរឿងនេះឡើងថា ដំបូងឡើយលោកបានឃើញមនុស្សវិកលចរិតម្នាក់ រស់នៅក្បែរផ្ទះរបស់លោក ហើយមនុស្សដែលរស់នៅជុំវិញខ្លួន គឺពិបាកនឹងយល់ចិត្តបំផុត ព្រោះមិនដឹងថា តើមនុស្សវិកលចរិតចង់បានអ្វីឲ្យប្រាកដ។ លោកបានសិក្សាពីចរិតរបស់មនុស្សវិកលចរិត ទើបលោកដឹងថា មនុស្សនេះ ក៏ត្រូវការភាពសប្បាយរីករាយ ការយល់ចិត្ត ចេះខឹង ចេះស្អប់ មានគំនុំ ដូចជាមនុស្សធម្មតាទូទៅដែរ គ្រាន់តែគេមិនបញ្ចេញឲ្យដឹង។
លោកបន្តថា ដោយលោកជាអ្នកចូលចិត្តវិស័យភាពយន្ត និងមានជំនាញក្នុងវិស័យនេះជាង១០ ឆ្នាំមកហើយនោះ លោកបានយកមកចងក្រងជាភាពយន្តឡើង ដោយត្រូវពិភាក្សាជាមួយក្រុមបច្ចេកទេស ផលិតរឿងវិកលចរិត និយាយពីជីវិតជាក់ស្ដែងរបស់មនុស្សវិកលចរិតម្នាក់ ដែលលោកបានឃើញជាក់ស្ដែង កុំឲ្យមហាជនរើសអើង មនុស្សវិកលចរិត និងកុំឲ្យឃ្លាតឆ្ងាយពីសង្គម។
លោក ហ៊ុយ យ៉ាឡេង បានបង្ហាញក្ដីរំពឹងថា ភាពយន្តខ្នាតធំ រឿង «វិកលចរិត» ដែលជាភាពយន្តភ័យរន្ធត់តក់ស្លុក តាំងពីដើមរហូតដល់ចប់ នឹងទទួលបានជោគជ័យ ពេលដាក់បញ្ចាំងលើទីផ្សារក្នុងប្រទេស ជាពិសេសក្រសួងវប្បធម៌ តាមរយៈការបង្ហើបរបស់លោក ស៊ិន ច័ន្ទសាយ៉ា ថា នឹងយករឿងនេះ ទៅក្នុងមហោស្រពភាពយន្ត នៅប្រទេសចិន។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន «ពូព្រហ្ម» ដែលជាក្រុមហ៊ុនចែកចាយភាពយន្ត ទៅក្រៅប្រទេស ក៏កំពុងតែពិនិត្យរកទីផ្សារបន្ថែម មានដូចជា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ ជាដើម ដែលធ្វើឲ្យលោកកាន់តែរំពឹងខ្ពស់៕