Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ះពាល់សុខភាពយ៉ាងខ្លាំង! សំរាមគរដូចភ្នំ តាមផ្លូវនៅភូមិសែនសុខ៧ តែមិនទាន់ឃើញក្រុមហ៊ុនស៊ិនទ្រី​ ទៅយកនៅឡើយទេ (Video Inside)

29-11-2016 16:23

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ជាពិសេសអ្នកដំណើរតាមដងផ្លូវ បាននាំគ្នារិះគន់យ៉ាងខ្លាំង ចំពោះការចោលសំរាម ឡើងគរដូចភ្នំ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិសែនសុខទី៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ប៉ុន្តែមិនទាន់ឃើញក្រុមហ៊ុនដឹកសំរាម ស៊ិនទ្រី ទៅយកនៅឡើយទេ រហូតមកដល់រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវមួយនេះ បានថតរូបភាព និងវីដេអូ ផ្ញើមកអង្គភាព Fresh News ជួយផ្សព្វផ្សាយផង ដើម្បីដឹងដល់ថ្នាក់ដឹកនាំខណ្ឌ ក៏ដូចជាម្ចាស់ក្រុមហ៊ុន ស៊ិនទ្រី អាងឲ្យក្រុមការងារទៅយកផង មិនដូច្នេះទេ សំរាមនឹងកាន់តែគរឡើងដូចភ្នំ ឱរ៉ាល់ជាក់ជាមិនខានឡើយ។

អ្នកដំណើរទាំងនេះ បានលើកឡើងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទាំង៦ ទាំង៧ ក្នុងសង្កាត់ឃ្មួញនេះបាននាំគ្នាយកសំរាមទៅបោះចោលនៅទីតាំងមួយនេះជាប្រចាំ ហើយបោះចោលរប៉ាត់រប៉ាយ មើលទៅប៉ះពាល់ដល់សោភ័ណភាពយ៉ាងខ្លាំង និងជាពិសេសនោះបានជះក្លិនមិនល្អ នាំឲ្យប៉ះពាល់ដល់សុខភាពមែនទែន។

ដោយឡែក នៅតាមផ្លូវបេតុងមួយនេះ ពោលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងចាក់សំរាមនោះទេ ក៏ត្រូវប្រជាពលរដ្ឋរាយការណ៍ថា មានជង្ហុកយ៉ាងច្រើន ពិបាកធ្វើដំណើរណាស់ ដូច្នេះសូមឲ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញចុះទៅមើលផង តើការធ្វើដំណើរតាមផ្លូវមួយនេះ មានការលំបាកយ៉ាងណា៕