(កោះកុង)៖ ប្រជាពលរដ្ឋស្ថិតក្នុងតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង បានទទួលអណ្តូងទឹកស្អាតចំនួន១៦អណ្តូង ដែលជាអំណោយសប្បុរធម៌របស់ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ប៊ុន ស៊ាងលី ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយទៅប្រគល់ជូនដោយលោក ហ៊ុន ម៉ាណែត និងលោកស្រី។
បើទោះបីស្ថានភាពពផ្លូវលំបាក ហើយត្រូវប្រើមធ្យោបាយច្រើនប្រភេទ រថយន្ត ម៉ូតូ ទូក ក្តី ក៏ក្រុមការងារមូលនិធិអណ្តូងទឹកស្អាត បានចុះទៅដល់តំបន់អារ៉ែង ស្ថិតក្នុងឃុំជីណប់ ឃុំប្រឡាយ ឃុំថ្មដូនពៅ និងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។
នៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ប្រជាពលរដ្ឋដែលទទួលអាស្រ័យផលអណ្តូងទឹកស្អាតទាំងអស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ចន្ទមុន្នី ប្រធានមូលនិធិអណ្តូងទឹកស្អាត ក៏បានឲ្យដឹងថា អំណោយអណ្តូងទឹកទាំងនេះ គឺជាអំណោយកេរ្តិ៍មរតករបស់ អ្នកឧញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌីប៉ុក ដែលត្រូវជាឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន ចំនួន៨អណ្តូង ដែលគាត់ទទួលអនិច្ចកម្មទៅហើយនោះ។
គួររំលឹកថា កាលដែលលោកនៅមានជីវិតលោក គឺជាមនុស្សដែលមានចិត្តសប្បុរសធម៌ បរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជាច្រើន ក្នុងវិស័យមនុស្សធម៌ ជាពិសេសនោះ គឺបងប្អូនប្រជាពលរដ្ឋរស់នៅតាមទីជនបទដាច់ស្រយាល់ ខ្វះខាតទឹកស្អាតប្រើប្រាស់ ហេតុដូច្នេះបន្ទាប់ពីលោកបានលាចាកលោកទៅ ទើបកូនចៅសម្រេចយកថវិកា ដែលនៅសេសសល់ទាំងប៉ុន្មាន ប្រើប្រាស់នៅគ្រប់ខេត្តក្រុងទាំងអស់ ក្នុងប្រទេសកម្ពុជា។ រីឯចំនួន៨អណ្តូងទៀត គឺជាអំណោយមូលនិធិ របស់មហាឧបាសិកា ប៊ុនស៊ាងលី និងឧបាសក លីន គ្រីដែលត្រូវជាឪពុកម្តាយបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោកស្រី ប្រធានមូលនិធិ បានឲ្យដឹងទៀតថា សព្វថ្ងៃនេះមហាឧបាសិកា ប៊ុន ស៊ាងលី លោកមានព្រះជន៩៣វស្សាហើយ។ លោកយាយចូលចិត្តធ្វើបុណ្យដាក់ទាន សន្សំកុសលទៅដល់ជនដែលក្រីក្រ រស់នៅតាមទីជនបទដាច់ស្រយ៉ាល ដូច្នេះនៅពេលដែលកូនចៅជូនបច្ចេយទៅគាត់ទុកធ្វើបុណ្យ ទើបគាត់យកបច្ចេយទាំងនោះធ្វើជាមូលនិធិអណ្តូងទឹកស្អាត ដាក់ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមទីជនបទប្រើប្រាស់វិញ ដោយឡែកឧបាសិកា លីន គ្រី គាត់ទទួលអនិច្ចកម្មទៅហើយ កាលពីទស្សវតន៍ទី៨០។
ជាមួយនិងការនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក និងក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក ហ៊ុន ម៉ាណែត និងភរិយា ផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីថា សូមបងប្អូនទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមានអនាម័យល្អក្នុងការរស់នៅ ទាំងការហូបស្អាត ផឹកស្អាត ដើម្បីសុខភាពបងប្អូន ហើយលោកទាំង២ និងស្ថិតនៅជាប់ជាមួយបងប្អូនជានិច្ច ជាពិសេសជនដែលងាយរងគ្រោះ។
សូមជម្រាបថាសព្វថ្ងៃនេះ មូលនិធិអណ្តូងទឹកស្អាតបានធ្វើជូនប្រជាពលរដ្ឋ បានជាង៤០០អណ្តូងហើយ រួមទាំងអណ្តូងដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការបានជាង៣០០អណ្តូង។ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ និងអ្នកទទួលអាស្រ័យផលនៃអណ្តួងទឹកស្អាតទាំងអស់ ម្នាក់ៗ បានមានអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង និងបានសម្ដែងនូវការដឹងគុណ និងអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ដ្រី តែងតែគិតគូដល់ពួកគាត់ដែលរស់នៅតាមទីជនបទដាច់ស្រយ៉ាល ជាពិសេសផ្តល់អណ្តូងទឹកស្អាតនេះ សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
បន្ថែមពីនេះ កូនច្បងសម្ដេចតេជោ លោក ហ៊ុន ម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ ចុះមកជួយពិនិត្យ និងព្យាបាលសុខភាពទូទៅ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ រួមទាំងថ្នាំសង្គូវព្យាបាល មួយចំនួនទៀត។
លើសពីនោះ បើមានបងប្អូនប្រជាពលរដ្ឋណាមានជំងឺធ្ងន់ធ្ងរ ឬកាយសម្បទាខុសពីប្រក្រតីគ្មានលទ្ឋភាពព្យាបាលនោះ លោកស្រី ភរិយាលោក ហ៊ុន ម៉ាណែត និងក្រុមគ្រូពេទ្យបានយល់ព្រមទទួលយកមកព្យាបាលជូននៅភ្នំពេញ រាល់ការព្យាបាល និងការចំណាយផ្សេងៗ គឺជាបន្ទុករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ដោយមិនគិតពីពណ៌សម្បុរ ពូជសាសន៌ រឺនិន្នាការនយោបាយអ្វីនោះទេ។
ដូច្នេះហើយទាំងអស់នេះ សបញ្ជាក់ឲ្យឃើញថា នេះគឺជាការងាមនុស្សធម៌មួយ ដ៏មហាសាលបំផុត ទោះបីជាយប់ ភ្លៀងផ្គរ រងា ក្តៅ យ៉ាងណាក៏ដោយ ក៏ក្រុមការងារមនុស្សមួយនេះ នៅតែបន្តធ្វើការងារជាមួយបងប្អូនប្រជាពលរដ្ឋដើម្បី រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ រួមចំណែកកាត់បន្ថយភាពក្រីក្រ ក្នុងសហគមន៍ឲ្យកាន់តែមានជីវភាពធូធារល្អប្រសើរឡើង៕