(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញគាំទ្រអង្គការ JCIA របស់ជប៉ុន ដែលមានបំណងចង់បង្កើត មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ បន្ថែមលើមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ ដែលបានបង្កើតរួចរាល់ នៅរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ។
ការគាំទ្រគំនិតផ្ដួចផ្ដើមនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាង លោករដ្ឋមន្រ្តី អ៉ិត សំហេង ជាមួយគណៈប្រតិភូអ្នកវិនិយោគិនជប៉ុន ដឹកនាំដោយលោក Fumio Yamada ប្រធានអង្គការ JCIA ដើម្បីស្វែងយល់ពីភាពជាដៃគូឆ្ពោះ ទៅរកកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នាទីស្តីការក្រសួងការងារ។
ភាគីជប៉ុន មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះការវិវត្តរីកចម្រើនរបស់កម្ពុជា ព្រមទាំងបានអរគុណ ចំពោះលោករដ្ឋមន្រ្តី ដែលបានផ្តល់ការណែនាំ និងគាំទ្រដល់មជ្ឈមណ្ឌល អភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ នៃអង្គការ JCIA ក្នុងរយៈពេល ជាង២០ឆ្នាំមកនេះ ធ្វើឱ្យមជ្ឈមណ្ឌលមានការរីកចម្រើនយ៉ាងខ្លាំង។ មិនត្រឹមតែអាចផ្តល់លទ្ធភាពឱ្យអង្គការនេះ បានពង្រីកនូវសមាជិកភាពរបស់ខ្លួន តាមរយៈការចូលរួមពីអ្នកវិនិយោគទុនជប៉ុននានាប៉ុណ្ណោះទេ ថែមទាំងបានជួយបង្កើនការបណ្តុះបណ្តាល ដល់ប្រជាពលរដ្ឋក្រីក្រ ជនពិការ និងជនងាយរងគ្រោះ ព្រមទាំងផ្តល់វគ្គបណ្តុះបណ្តាល សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានបំណងទៅធ្វើកម្មសិក្សាការងារ នៅជប៉ុនទៀតផង។
លោករដ្ឋមន្រ្តី អ៉ិត សំហេង បានគាំទ្រយ៉ាងខ្លាំង ចំពោះសំណើរបស់ភាគីជប៉ុន ដែលត្រៀមពង្រីកសាខាមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម ទៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលនេះកាន់តែផ្តល់ឱកាសដ៏ល្អ ដល់ប្រជាពលរដ្ឋកម្ពុជា។
លោករដ្ឋមន្រ្តី ក៏បានកោតសសើរ ចំពោះការខិតខំរបស់អង្គការ JCIA ដែលបានស្វែងរកដៃគូល្អៗ នៅប្រទេសជប៉ុន សម្រាប់ធ្វើការបណ្តុះបណ្តាល បញ្ជូនសិក្ខាកាមកម្ពុជាទៅធ្វើកម្មសិក្សាបម្រើការងារ នៅប្រទេសជប៉ុន ដែលធ្វើឱ្យពួកគេទទួលបានទាំងប្រាក់បៀវត្សខ្ពស់ បទពិសោធន៍ការងារ និងចំណេះដឹងផ្សេងៗ សម្រាប់យកមកចូលរួម អភិវឌ្ឍន៍ប្រទេសកម្ពុជាវិញ។
ចំពោះសំណើដែលជួយផ្សព្វផ្សាយ អំពីសិស្សនិសិត្ស ដែលមានបំណង់ចង់សិក្សាភាសាជប៉ុន សម្រាប់ស្វែងរកឱកាសកម្មសិក្សាការងារនៅជប៉ុន លោករដ្ឋមន្រ្តី បានសន្យាថា នឹងស្នើសុំឱ្យមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទាំង៣៩ របស់ក្រសួងការងារ ជួយចែករំលែកនូវព័ត៌មាននេះ។
លោករដ្ឋមន្រ្តីក៏បានគាំទ្រគំនិតផ្តួចផ្តើមចង់បង្កើតឱ្យមានជាទីក្រុងខ្មែរ (Khmer Town) នៅប្រទេសជប៉ុន និងបានជំរុញឲ្យការងារនេះ លេចចេញជារូបរាង ក្នុងពេលឆាប់ៗ ដើម្បីជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សា និងបំពេញកម្មសិក្សាការងារនៅទីនោះ បានស្នាក់នៅជាបណ្តោះអាសន្នបាន៕