(ព្រះសីហនុ)៖ ជនដៃដល់ដែលបានកាប់ប្រហារ២នាក់ ប្តី-ប្រពន្ធ នៅស្រុកព្រៃនប់ បណ្តាលឲ្យប្តីស្លាប់ និងប្រពន្ធរងរបួសធ្ងន់នោះ ត្រូវបានកម្លាំងនគរបាលតាមចាប់បានហើយ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ខណៈដែលជនដៃដល់រូបនេះ កំពុងតែលាក់ខ្លួននៅក្នុងព្រៃ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា បន្ទាប់ពីមានអំពើឃាតកម្មនេះកើតឡើង កម្លាំងនគរបាលរបស់លោក បានធ្វើការស្រាវជ្រាវរហូតតាមចាប់ជននេះ ស្ថិតនៅចំណុចភ្នំត្រង៉ោល ក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់។
នៅពេលនេះជនសង្ស័យត្រូវបាន ឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបញ្ជូនបន្តទៅស្នងការដ្ឋានខេត្ត ចាត់ការបន្តទៀត។
សូមបញ្ជាក់ថា ជនសង្ស័យមា្នក់ ដែលសមត្ថកិច្ចអះអាងថា ជាជនសសៃប្រសាទ បានធ្វើសកម្មភាពយកកាំបិត កាប់ប្រហារទៅលើជនរងគ្រោះ២នាក់ប្ដី-ប្រពន្ធ បណ្ដាលឲ្យប្ដីស្លាប់ភា្លមៗ រីឯប្រពន្ធរងរបួសធ្ងន់។
អំពើឃាតកម្មគួរឲ្យខ្លាចនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភ្នំត្រងោល ស្ថិតក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលបានរត់គេចខ្លួនបន្ទាប់ពីធ្វើសកម្មភាព ឈ្មោះ ព្រំ កិន អាយុ៥៨ឆ្នាំ បានប្រើកាំបិតលៀម ដងឈើវែងកាប់ទៅលើជនរងគ្រោះ ជាប្ដីឈ្មោះ អ៊ុក វណ្ណថា អាយុ៦៦ឆ្នាំ ត្រូវរបួសចំគល់ក ខាងក្រោយបណ្ដាលឲ្យស្លាប់ភា្លមៗ នៅនឹងកន្លែង រីឯប្រពន្ធឈ្មោះ អឿន សុខា អាយុ៣២ឆ្នាំ ត្រូវចំគល់ក ខាងឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់។ នគរបាលបន្ថែមថា ជនរងគ្រោះត្រូវបានអ្នកស្រុក សង្ស័យថា មានជំងឺសរសៃប្រសាទ និងមានសតិមិនប្រក្រតី។
សូមបញ្ជាក់ថា ជននេះក៏ធ្លាប់ជាប់ពន្ធនាគារផងដែរ ពីបទប្លន់ និងសម្លាប់មនុស្ស កាលពីឆ្នាំ១៩៩៨៕