Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាណិតណាស់! មន្រ្តីយោធាម្នាក់ ខ្ចីលុយគេទៅទិញគ្រឿងបន្លាស់​ម៉ូតូជិត៣ពាន់ដុល្លារ ទុកបើកកន្លែង​ជួសជុល តែចោរ​ចូលលួចអស់

29-11-2016 15:07

(ភ្នំពេញ)៖ គួរឲ្យអាណិតលោកអើយ! មន្រ្តីយោធាម្នាក់ បានទៅខ្ចីលុយគេទិញ គ្រឿងបន្លាស់ម៉ូតូច្រើនមុខ គិតជាទឹកប្រាក់ជិត៣ពាន់ដុល្លារ ដើម្បីបើកកន្លែងសម្រាប់ជួសជុលម៉ូតូ ប៉ុន្តែមិនទាន់បានបើកដំណើរការផងស្រាប់តែលោកចោរចូលលួចអស់គ្មានសល់។

អំពើចោរកម្មខាងលើនេះបានកើតឡើង ខណៈជនរងគ្រោះ បានយកសម្ភារទាំងនេះ ចេញពីផ្ទះជួលស្នាក់ចាស់ ទៅដាក់នៅក្នុងផ្ទះជួលថ្មីមួយកន្លែងទៀត ដែលគាត់ទើបជួលថ្មីៗ ប៉ុន្តែក្រោយយកទៅទុកពេលល្ងាច ស្រាប់តែយប់ឡើង ត្រូវបានក្រុមចោរគាស់ផ្ទះ ធ្វើសកម្មភាពលួចគាស់យកទៅបាត់អស់តែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅពេលកើតហេតុនោះ ជនរងគ្រោះមិនស្នាក់នៅក្នុងផ្ទះជួលថ្មីនោះទេ ព្រោះពុំទាន់បានរៀបចំកន្លែងដេកនៅឡើយ គាត់បានទៅដេកនៅផ្ទះចាស់ បណ្ដោះអាសន្ន​មួយយប់សិន លុះព្រឹកឡើងពេលគាត់ចាកចេញពីផ្ទះចាស់ ទៅកាន់ផ្ទះថ្មីនោះទើបដឹងថា បាត់ហើយមានការភ្ញាក់ផ្អើល។

ករណីនេះបានកើតឡើង នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មន្រ្តីយោធាដែលរងគ្រោះបាត់បង់អស់គ្រឿងបន្លាស់ម៉ូតូនោះ ឈ្មោះ ឌិត សារិន អាយុ៣៨ឆ្នាំ មានប្រពន្ធឈ្មោះ ហេង ម៉ានី អាយុ៣៤ឆ្នាំមុខរបរមេផ្ទះ ស្នាក់នៅផ្ទះពូ ស្ថិតក្នុងភូមិ វិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ដោយឡែក ម្ចាស់ផ្ទះជួលខាងលើ ឈ្មោះ ពៅ សុលីនដា ភេទស្រី អាយុប្រហែលជិត៣០ឆ្នាំ និងមានប្ដីជាមន្រ្តីពេទ្យយោធាដែរ ហើយពួកគាត់បានជួលផ្ទះទៅឲ្យជនរងគ្រោះខាងលើ ក្នុងតម្លៃ៥៥០ ដុល្លារក្នុង១ខែ ដោយយកលុយមុន១ខែ លុះពេលមានរឿងបែប នឹងកើតឡើងជនរងគ្រោះឈប់ជួល និងសុំលុយថ្លៃឈ្នួលវិញ ពួកគាត់ដែលជាម្ចាស់ផ្ទះ បានឲ្យតែ២០០ដុល្លារវិញប៉ុណ្ណោះ៕