(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា បានបើកវេទិកាផ្សព្វផ្សាយការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច ដល់ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធ ដែលមានអ្នកចូលរួមជាង២ពាន់នាក់។
វេទិកាផ្សព្វផ្សាយនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំជំនាញនៃក្រសួងទេសចរណ៍ព្រមទាំងមានការចូលរួមពី លោក ឡី សុភាព នាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា លោកអភិបាលរងក្រុងភ្នំពេញ មន្រ្តីរាជការពាក់ព័ន្ធ ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ និងសិស្សនិស្សិត នាវិទ្យាស្ថានជាតិអប់រំ។
គោលបំណងសំខាន់ នៃវេទិកាខាងលើ គឺដើម្បីស្វែងយល់បន្ថែមទៀត នូវការអភិវឌ្ឍធនធានមនុស្ស ដែលបម្រើក្នុងវិស័យទេសចរណ៍ ប្រកបដោយសមត្ថភាព គុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសលើជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច ឆ្លើយតបនឹងតម្រូវការ នៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា នាពេលបច្ចុប្បន្ន និងទៅអនាគត។
លោករដ្ឋមន្រ្តី ថោង ខុន បានឲ្យដឹងថា «ជាចក្ខុវិស័យ កម្ពុជាបាននឹងកំពុងអភិវឌ្ឍវិស័យទេសចរណ៍ ជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ ផ្ដល់ភាពកក់ក្ដៅ ផ្ដល់នូវបដិសណ្ឋារកិច្ចល្អ ដោយឈរលើទស្សនៈ គោលការណ៍ស្អាត និងបៃតង»។
លោករដ្ឋមន្រ្តីបានបន្តថា ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងទេសចរណ៍បានដាក់ចេញ នូវចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» ជាមួយកម្មវិធីទ្រទ្រង់ការបណណ្ដុះបណ្ដាល និងទ្រទ្រង់បដិសណ្ឋារកិច្ចល្អ «សេវាខ្ញុំ ស្នាមញញឹមអ្នក» ដែលតម្រូវឲ្យមានការចូលរួមពី ប្រជាពលរដ្ឋ មន្រ្តីរាជការពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ឲ្យបានសកម្មជាមួយគ្នា ដើម្បីកែប្រែកម្ពុជា ទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត។
សូមជម្រាបថា ក្រសួងទេសចរណ៍ ក៏បានឯកភាពគ្នាជាមួយសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា រៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់សិក្ខាកាមដែលមានបំណងចង់សិក្សា លើជំនាញបដិសណ្ឋារកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈតាមតុ (អ្នករត់តុការ និងពិធីផ្សេងៗ) ការិយាល័យជួរមុខ ជំនាញម៉ាស្សា សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរ ពិធីការ និងមុនជំនាញវិជ្ជាជីវៈទេសចរណ៍ផ្សេងៗទៀត៕