(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ តុលាការកំពូល នឹងបើកសវនាការជំនុំជម្រះសំណុំរឿង អតីតសមាជិកក្រុមប្រឹក្សាឃុំស្វាយរលំ ខេត្តកណ្តាល កូតាគណបក្ស សម រង្ស៊ី ពីបទសម្លាប់ថៅកែលក់ណែម កាលពីខែតុលា ឆ្នាំ២០១០កន្លងទៅ។
មន្រ្តីតុលាការកំពូលបង្ហាញថា សវនាការនេះដឹកនាំដោយលោក សឹង បញ្ញាវុឌ្ឈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក វ៉េង ប៊ុនធឿន ជាតំណាងមហាអយ្យកា។
ជនជាប់ចោទឈ្មោះ ឆែម នី ហៅប៉ក់ អាយុ៥៨ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល១៥ឆ្នាំ និងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន៣០លានរៀល ពីបទឃាតកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធខុសច្បាប់ ពាក់ព័ន្ធការបាញ់សម្លាប់ថៅកែលក់ណែមឈ្មោះ ប៊ុន លី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១០ នៅចំណុចក្លោងទ្វាររបងវិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕