(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ ក្រោយទទួលបានផែនការណែនាំពីលោក ជា ពិសី អភិបាលខណ្ឌ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដឹ កនាំកម្លាំងគណៈបញ្ជាការឯកភាព សហការជាមួយកម្លាំងនគរបាល ចុះទៅកាន់គោលដៅគល់ស្ពាន លី យ៉ុងផាត់ ត្រើយខាងលិច លើកំណាត់ផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ដើម្បីចាត់វិធានការ ទប់ស្កាត់ និងបញ្ជៀសរថយន្ដធុនធ្ងន់ប្រភេទ «D» មិនឲ្យចូលរាជធានីភ្នំពេញខុសម៉ោងកំណត់នោះទេ ពោលអនុញ្ញាតនៅចន្លោះម៉ោង៨យប់ដល់ម៉ោង៦ព្រឹក។
ពាក់ព័ន្ធនិងវិធានការដ៏ម៉ឺងម៉ាត់នេះ លោក ប្រាជ្ញ សីហា បានបញ្ជាក់ថា «យើងជាអាជ្ញាធរត្រូវបានអនុវត្ត ធ្វើឡើងបន្ទាប់ពីសាលារាជធានីភ្នំពេញ បានដាក់ចេញនូវសារាចរណែនាំចំនួន១០ចំណុច ស្ដីពីវិធានការបង្ការបញ្ជៀស ទប់ស្កាត់ចំពោះរថយន្ដធុនធ្ងន់ប្រភេទ «D» ដែលដឹកសំពីងសំពោង គ្មានសណ្ដាប់ធ្នាប់ លើសចំណុះចាប់ពី១០តោន ដល់២៤ តោន រថយន្តមិនបានបំពាក់នូវសម្ភារគ្រប់គ្រាន់តាម លក្ខណៈបច្ចេកទេស និងអាចបង្ក ឧបទ្ទវហេតុផ្សេងៗ ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម ព្រមទាំងជួយលើកកម្ពស់សោភ័ណ្ឌ ភាពទីក្រុងស្អាតផងដែរ»។
លោក ប្រាជ្ញ សីហា បានបញ្ជាក់ទៀតថា សម្រាប់វិធានការទាំង១០ចំណុច រួមមាន៖ទី១-បើកបរត្រូវមានប័ណ្ណបើកបរ ស្ថិតក្នុងសុពលភាពត្រឹមត្រូវ និងប័ណ្ណបើកបរប្រភេទ «ង» ទី២-អ្នកបើកបរត្រូវមានអាកប្បកិរិយាសុភាពរាបសា ថ្លៃថ្នូរសីលធម៌ល្អ យោគយល់អធ្យាស្រ័យក្នុងពេលបើកបរ ទី៣-អ្នកបើកបរហាមពិសារគ្រឿងស្រវឹង មិនស្ថិតក្នុងស្ថានភាពញៀនថ្នាំ ឫស្មារតីមិនហ្នឹងនរ ទី៤-រាល់មធ្យោបាយដឹកជញ្ជូនទាំងអស់ត្រូវគោរពស្តង់ដារជាតិស្ដីពីការបំពុលខ្យល់ និងការរំខាន ដោយសម្លេង ទី៥-អ្នកបើកបរត្រូវមានសំលៀកបំពាក់សមរម្យ ពាក់ស្បែកជើងឃ្លុប ឫស្បែកជើងប៉ាតា ហាមដាច់ខាតស្បែកជើងផ្ទាត់ ទី៦-រថយន្ដត្រូវមានកញ្ចក់ ភ្លើងបំភ្លឺ ចំណាំងផ្លាត ភ្លើងស៊ីញ៉ូស្តង់ដារ ទី៧-រថយន្ដដឹកថ្ម គ្រួស ខ្សាច់ ត្រូវគ្របក្រណាត់តង់ ធានាមិនឲ្យ ហៀរ កំពប់ ជ្រុះលើផ្លូវ សំពីងសំ ពោងហួសពីស្តង់ដារ ទី៨-រថយន្ដហាមដឹកទំនិញលើសទម្ងន់កំណត់ និងហាមរថយន្ដកែច្នៃ ខុសបទដ្ឋានបច្ចេកទេស ទី៩-រថយន្ដត្រូវស្អាតជានិច្ច និងមានសោភ័ណភាពល្អ និងទី ១០-រថយន្ដត្រូវមានបិតស្លាក «តើការបើកបររបស់ខ្ញុំដូចម្ដេចដែរ»?សូមផ្ដល់ព័ត៌មានតាមទូរស័ព្ទ៕