(កំពង់ស្ពឺ)៖ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្ត តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំ ខែវិច្ចិកា លើកទិសដៅការងារខែធ្នូ ឆ្នាំ២០១៦ នាព្រឹកថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០១៦នេះ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានជំរុញដល់កងកម្លាំងអាវុធហត្ថទាំងអស់ត្រូវបង្កើនសកម្មភាព បង្ក្រាបបទល្មើស និងរក្សាសន្តិសុខតាមមូលដ្ឋានកាន់តែខ្លាំងឡើង បើទោះបីជាស្ថានភាពទូទៅនៅក្នុងខេត្ត មានភាពល្អប្រសើរឡើងក៏ដោយនោះ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ដែលធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក៏មានអញ្ជើញចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ មេបញ្ជាការ មេបញ្ជាការរង ក្រុង-ស្រុក និងមេស្នាក់ការសន្តិសុខជាច្រើនរូបផងដែរ។
បន្ទាប់ពីអនុញ្ញាតឲ្យបណ្តាមេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក ស្នាក់ការសន្តិសុខ លើកឡើងពីភាពខ្លាំង និងភាពខ្សោយក្នុងការដឹកនាំរបស់ខ្លួនកន្លងមក ស្តីពីការងារថែរក្សា សន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាផែនការដែលថ្នាក់លើបានដាក់ជូនសម្រាប់អនុវត្តកន្លងមកនោះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន ក្នុងនាមលោកជាមេបញ្ជាការ សូមកោតសសើរចំពោះភាពទទួលខុសត្រូវអនុវត្តតួនាទីរបស់ថ្នាក់លើនាពេលកន្លងមក ហើយបានធ្វើឲ្យកងរាជអាវុធហត្ថទទួលបានការលើកសសើរពីមជ្ឍដ្ឋានមហាជននានាជុំវិញខេត្ត ជាពិសេសបានការសសើរពីថ្នាក់ដឹកនាំផងដែរ ។
លោកមេបញ្ជាការបានបន្តទៀតថា បើទោះបីជាការអនុវត្តកន្លងទៅទទួលបានប្រសិទ្ធិភាពការងារធំៗបន្តបន្ទាប់តែ កម្លាំងរបស់អាវុធហត្ថយើងត្រូវពង្រឹងការអនុវត្តវិន័យ ច្បាប់ អនុវត្តឲ្យម៉ឺងម៉ាត់ ចាត់ការតាមច្បាប់ចំពោះបុគ្គលដែលបំពានច្បាប់ ដោយមិនយោគយល់នោះឡើយ។ លោកថា «ត្រូវបន្តចាត់បញ្ជូន នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទៅតាមផែនការរបស់ថ្នាក់លើ បន្តអប់រំចំពោះនាយទាហានឲ្យជ្រួតជ្រាបអំពីភារកិច្ចក្នុងនាមយើងជាយោធាច្បាប់ ប្រឆាំងដាច់ខាតរាល់ក្រុមជនទំនើងដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន បង្ក្រាបឲ្យខានតែបានដូចភ្លៀងរលឹមចំពោះជនប្រើប្រាស់ ចែកចាយគ្រឿងញៀនឲ្យគ្រប់រូបភាព ដើម្បីធានាឲ្យបានការបង្កអស្ថេរភាពក្នុងសង្គម ស្រាវជ្រាវវែកមុខរាល់ជនសង្ស័យដែលត្រៀមបង្កចលាចលដែលលាក់ខ្លួននៅតាមមូលដ្ឋានរបស់យើង»៕