(ភ្នំពេញ)៖ ជម្លោះដីធ្លី និងអាគារស្នាក់នៅដ៏រ៉ាំរ៉ៃ រវាងក្រុមសហគមន៍បុរីកីឡា និងក្រុមហ៊ុន ផានអ៊ីមិច ដែលមានលោកស្រីឧកញ៉ា ស៊ុយ សុផាន ជាអគ្គនាយកនោះ ដែលបានអូសបន្លាយរាប់សិបឆ្នាំ ហើយធ្វើការតវ៉ាជាបន្តបន្ទាប់ពេញរាជធានីភ្នំពេញនោះ ឥឡូវនេះត្រូវ បានរដ្ឋមន្រ្តីកណ្តាប់ដែក លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ចេញមុខដោះស្រាយហើយ។
នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រុមប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ប្រមាណជា៣២គ្រួសារ ដែលអះអាងថា មិនទាន់បានទទួលលំនៅដ្ឋានពីសាលារាជធានីភ្នំពេញ ដែលប្រគល់សិទ្ធិឲ្យទៅក្រុមហ៊ុនផាន អ៊ីមិច វិនិយោគនៅកន្លែង បានប្រមូលផ្តុំគ្នានៅបុរីកីឡា ដើម្បីយកញាតិទៅជូនទេសរដ្ឋមន្រ្តីលោក ជា សុផារ៉ា។
ញាតិ្តមានគោលបំណងដាក់ជូនលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា មានខ្លឹមសារថា «យើងខ្ញុំជាប្រជាពលរដ្ឋស់នៅបុរីកីឡា បានរងគ្រោះផ្ទួនៗ គ្នាដោយសារក្រុមហ៊ុនផាន អ៊ីមិច រំលោភលើកិច្ចសន្យាសាងសង់ អគារស្នាក់នៅ២បន្ថែមទៀត តាមកិច្ចសន្យាគឺសាងសង់១០អគារកាលពីឆ្នាំ២០០៣ កន្លងទៅ»។ ញាតិ្តបានបញ្ជាក់ទៀតថា «នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២ ក្រុមហ៊ុននេះបានប្រើគ្រឿចក្រ និងកម្លាំងចម្រុះមករំលោភឈូសកម្ទេចលំនៅដ្ឋានយើងខ្ញុំទាំងកំរោល ដោយគ្មានសេចក្តីជូនដំណឹង ឬសាលក្រតុលាការ ដោយអាងថា ក្រុមហ៊ុនក្យ័យធន ហើយថែមទាំងបានរំលោភយកដីទំហ៊ំ៤៣០០ម៉ែត្រការ៉េសម្រាប់សាងសង់អគារទី៩ និងទី១០របស់យើងខ្ញុំធ្វើជាកម្មសិទ្ធិថែមទៀត។ យើងខ្ញុំត្រូវទទួលរងគ្រោះជាលើកទី២បន្ទាប់ពីធ្វើការតវ៉ាអស់រយៈពេល៥ឆ្នាំ ក្រុមហ៊ុនបានផ្តល់សំណងតែ ៣ ០០០ ទៅ៥ ០០០ដុល្លារក្នុងមួយគ្រួសារ និងគ្រួសារមួយចំនួនត្រូវបង្ខំចិត្តទទួលយកផ្ទះទំហ៊ំ៣.៧០គុណនិង៤.៧០ម៉ែត្រការ៉េ ស្ថិតនៅភូមិអណ្តូង ជាងរាជធានីភ្នំពេញ ដែលសំណងទាំងនោះមិនស្មើនិងតម្លៃផ្ទះអភិវឌ្ឍន៍នៅនិងកន្លែង ព្រោះរាជរដ្ឋភិបាលតម្រូវឲ្យអភិវឌ្ឍន៍នៅបុរីកីឡា»។
ក្រុមប្រជាពលរដ្ឋបានបន្តទៀតថា «គោលបំណងរបស់យើងខ្ញុំចង់ការឆ្លើយតបទៅសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនផាន អ៊ីមិច ដែលបានភូតកុហកថាបានដោះស្រាយដល់យើងខ្ញុំរួចរាល់អស់ហើយ ការពិតពលរដ្ឋដែលបានដាក់ឯកសារតវ៉ានៅវេទិការចេនឡាមានចំនួន១៨០គ្រួសារ (មិនទាន់គិតដល់អ្នកដាក់ឯកសារមិនទាន់ផង)ក្រុមហ៊ុនផ្តល់សំណងខាងលើបានតែ១៣០គ្រួសារប៉ុណ្ណោះ។ ចំណែកអ្នកនៅសល់ និងអ្នកមិនទាន់យល់ព្រមយកសំណងនោះ ត្រូវក្រុមហ៊ុន និងសាលារាជធានីភ្នំពេញ ចេះតែពន្យាពេលមិនព្រមដោះស្រាយដល់ពួកយើងខ្ញុំ រហូតមកដល់សព្វថ្ងៃនេះ។ ហេតុនេះបានជាយើងខ្ញុំស្នើសុំលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាជួយពិនិត្យ និងអន្តរាគមន៍ក្នុងរឿងនេះដោយក្តីអនុគ្រោះ និងពិសេសជូនសម្តេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋភិបាលកម្ពុជា ដែលជាម្លប់របស់ប្រជាពលរដ្ឋគ្រប់រូប សូមសម្តេចមេត្តាប្រគល់សិទ្ធិឲ្យក្រសួងដែនដីជួយពន្លឿន និងដោះស្រាយដល់យើងខ្ញុំបានតម្លៃសមរម្យ អាចយកទៅទិញផ្ទះស្នាក់នៅបាន យើងខ្ញុំមិនអាចទទួលយកសំណងតិចតួចខាងលើនេះបានទេ នេះជារឿងអយុត្តិធម៍បំផុតសម្រាប់ពួកយើងខ្ញុំ»។
នៅពេលមានការប្រមូលផ្តុំនៅមុខក្រសួងនោះ គេសង្កេតឃើញវត្តមានលោក សេង ឡូត អ្នកនាំពាក្យក្រសួងបានចេញមកទទួលញត្តិ និងបានអនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋ ១០នាក់ នៅវេលាម៉ោង១០ព្រឹកថ្ងៃនេះ ចូលជួបជាមួយលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន ដើម្បីជួបពិភក្សាររកដំណោះស្រាយ តែយ៉ាងណានោះគេមិនទាន់ដឹងពីលទ្ធផល នៃដំណោះស្រាយនោះទេ៕