(កំពត)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បញ្ហាគ្រឿងញៀនពិភពលោក មិនមានការថមថយទេ ហើយបញ្ហានេះ នៅតែជះឥទ្ធិពលដល់កម្ពុជា តាមរយ:ការលាក់លួចចែកចាយ និងប្រើប្រាស់។

លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តថា តាមរយៈសកម្មភាពនេះ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ខិតខំបង្រ្កាបជនល្មើស, អប់រំអ្នកមិនទាន់ប្រើកុំឱ្យប្រើ និងព្យាបាលស្តារនីតិសម្បទា​អ្នកដែលប្រើឱ្យជាសះ​ស្បើយត្រឡប់​ទៅកាន់សហគមន៍វិញផងដែរ។

លោក កែ គឹមយ៉ាន បានលើកឡើងបែបនេះ ខណៈលោក និងក្រុមការងារ បានចុះ ពិនិត្យគម្រោងសាងសង់មណ្ឌល ស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀនរបស់កងពលតូច​អន្តរាគមន៍លេខ១១ ស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

នៅក្នុងពិធីនេះ ក៏មានការចូលរួមពី តំណាងក្រសួងឧស្សាហកម្ម និង សិប្បកម្ម (ម្ចាស់គម្រោង) ក្រសួងសុខាភិបាល អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណកម្មាធិការត្រួត​ពិនិត្យគ្រឿងញៀនខេត្តកំពត ថ្នាក់ដឹកនាំនិងអ្នកពាក់ព័ន្ធ នៃកងពលអន្តរាគមន៍លេខ១១ ជាច្រើនរូបទៀតផងដែរ។

បន្ថែមពីលើនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងពីគោលបំណង នៃការកសាងដើម្បីព្យាបាលជនរងគ្រោះថ្មី និង ស្តារនីតិសម្បទាបន្ត ពីជនរងគ្រោះដែលបា​ន​ព្យាបាលបន្សាប​នៅភ្នំពេញរួចហើយ។

តាមការឱ្យដឹងពីលោក ជួន វន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឱ្យដឹងថា គម្រោ សាងសង់មណ្ឌល មាន៦អគារ សរុបទឹកប្រាក់ប្រមាណជា៣០០,០០០ដុល្លារ ហើយជំហាន១ នេះយើង គ្រោងសាងសង់អគារ ចំនួន០៣សិន៕