(តាកែវ)៖ លោក ខាន់ សុខា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ខេត្តតាកែវបានអំពាវនាវឲ្យម្ចាស់រថយន្តកែច្នៃទាំងអស់មិនត្រូវអន្តរាគមន៍ ទៅអ្នកឥទ្ធិពលណាម្នាក់ ឲ្យជួយសម្រួល ជាមួយអាជ្ញាធខេត្តពាក់ព័ន្ធទៅនឹងការចាប់រថយន្តខុសបញ្ចេកទេស របស់ខ្លួននោះទេ។

ថ្លែងប្រាប់ភ្នាក់ងារFresh News ក្រោយពីប្រជាជុំជាមួយក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅសាលាខេត្តតាកែវ នៅព្រឹកថ្ងៃ អង្គារ៏ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៦នេះ លោកអភិបាលរងខេត្តតាកែវបានបញ្ជាក់ថា រាល់រថយន្តកែច្នៃដែលក្រុមការងាររបស់ខេត្តតាកែវ ចុះទៅត្រួតពិនិត្យរកឃើញថាមានការកែច្នៃ ខុសពីក្ខណៈបច្ចេកទេសដោយតទ្រុង តកន្ទុយឬថែមភ្លៅរកង់ យើងនិងធ្វើការកាត់នៅនិងកន្លែងតែម្ដងឬឲ្យម្ចាស់រថយន្តទាក់ទង ជាងមកកាត់ ដោយខ្លួនឯងក៏បាន។ នេះជាកិច្ចការដ៏ក្ដៅគគុកដែលយើងទាំងអស់គ្នា រួមធ្វើអោយមានប្រសិទ្ធភាព ដោយមិនត្រូវខ្លាចឥទ្ធិពលអ្នកណាម្នាក់នោះទេ។

លោកបានសង្កត់ធ្ងន់ថា «កុំនិយាយភាសាអន្តរាគមន៍ ភាសានេះនិយាយមិនបានជាដាច់ខាត ព្រោះនេះជាបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន»

គួរបញ្ជាក់ថា ក្រៅបញ្ជាឲ្យក្រុមការងារចុះទៅត្រួតពិនិត្យរថយន្តធុនធ្ងន់ ដែលកំពុងតែចរាចរណ៍នៅតាមបណ្ដាស្រុក មួយចំនួន លោកអភិបាលរង​ ខេត្តតាកែវ ខាន់ សុខា ក៏បានបញ្ជាឲ្យក្រុមការងារ ត្រូវតែចុះផងដែរ នៅតាមរោងជាង ជួសជុលរថយន្តមួយចំនួន ហើយបើពិនិត្យឃើញថារោងជាងជួសជុលរថយន្ត ទាំងនោះគ្មានច្បាប់អនុញ្ញាតត្រូវតែបិទ រោងជាងនោះចោលតែម្ដង៕