(បន្ទាយមានជ័យ)៖ មហាជនចូលរួម ទស្សនាការប្រណាំងទូក ដែលរៀបចំដោយ អាជ្ញាធរ ក្រុងប៉ោយប៉ែត រយៈពេល២ថ្ងៃទី២៧-២៨ ខែវិច្ឆិ​កា ឆ្នាំ២០១៦ លើកដំបូងនៅតំបន់ទេសចរណ៍ អាងអម្រិត​អូរខៃដន ពោពេញទីដោយភាព សប្បាយរីករាយប្រមាន២ម៉ឺននាក់ ប្រកបដោយភាពអធិកអធម​ មិនធ្លាប់មានលើទឹកដីជាយដែនកម្ពុជា-ថៃ។

ពិធីប្រណាំងនេះ ត្រូវបានបញ្ចប់ នៅថ្ងៃទី២៨ ខែវិច្ឆិ​កា ឆ្នាំ២០១៦ ក្រោមវត្តមាន លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ​ លោក ស៊ឹម សំអាត នាយប៉ុស្តិ៍អន្តោប្រវេសន៍ រួមទាំង​សប្បុរសជន និងប្រជាពលរដ្ឋ របស់ខេត្តបន្ទាយមានជ័យ រាប់ពាន់នាក់​។

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការប្រារព្វពិធីប្រកបដោយអត្ថន័យនាពេលនេះ ស្តែងឡើងពីស្មារតី ជួយឧបត្ថមគាំទ្ររបស់បណ្ដាអង្គភាពរដ្ឋ វិស័យឯកជន សប្បុរសជន និងចូលរួមពីកីឡាករប្រណាំងទូក ដែលបានសម្តែងចេញពី មនសិការស្នេហាកីឡាប្រណាំងទូក ដែលជាប្រពៃណី និងវប្បធម៌ចែករំលែក របស់បុព្វបុរស​ងតាំងពីបុរាណ និងជាការរំលឹកឡើងវិញនូវគំរូវរភាព ដ៏អង់អាចក្លាហានរបស់វរកងទ័ពជើងទឹក នៃកុលបុត្រខ្មែរក្នុងការការពារអធិបតេយ្យភាពបូរណភាពទឹកដី នាសម័យមហានគរដ៏រុងរឿង​។

លោកថា ជោគជ័យ នៃពិធីប្រណាំងទូកនេះ គឺជាសក្ខីភាពឆ្លើយតបទៅនឹងការរីកចម្រើនលើគ្រប់វិស័យរបស់ក្រុងប៉ោយប៉ែត ស្របទៅតាមគោលនយោបាយ ចតុកោណតំណាក់កាលទី៣ របស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច​តេជោ ហ៊ុន សែន​ ជានាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាពិសេសវាមិនត្រឹមតែ តែជាក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម ប៉ុណ្ណោះទេ បច្ចុប្បន្នក្រុងនេះ ជាក្រុងទេសចរណ៍មួយដ៏ទាក់ទាញតាមរយៈតំបន់ទេសចរណ៍ អាងអូរខៃដន ដែលបានចុះក្នុងបញ្ជីតំបន់ទេសចរណ៍របស់ក្រសួងទេសចរណ៍​។

តំបន់ទេសចរណ៍អាងអូរខៃដន ដែលទើបតែបង្កើតបានរយៈពេលតែប៉ុន្មានខែ កំពុងទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ដជារៀងរាល់ថ្ងៃ ជាពិសេសក្នុងឱកាសបុណ្យជាតិកន្លងមកនេះ មានពលរដ្ឋមកកំសាន្ត រាប់ម៉ឺននាក់​។

ថ្លែងក្នុងពិធីបិទការប្រណាំងទូកនេះដែរ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការកោតសរសើរ ចំពោះរដ្ឋបាលក្រុងប៉ោយប៉ែត ដែលបានផ្តួចផ្តើមប្រារព្ធពិធីប្រណាំងទូកនេះ ឡើងប្រកបដោយភាពជោគជ័យ និងផ្តាំផ្ញើដល់ កីឡាករ និងយុវជនទាំងអស់ បន្ទាប់ពីត្រឡប់ពីការប្រណាំងទូក សូមចូលរួមគោរពច្បាប់ចរាចរ និងឆ្លើយថាទេ ចំពោះគ្រឿងញៀន។

ដោយឡែក ចំពោះលទ្ធផល នៃការប្រណាំងទូកនាថ្ងៃនេះ ជ័យលាភីទី១ បានទៅលើទូក ពាមសាមគ្គីសែនជយរស្មីព្រះនេត្រព្រះ ទទួលបានប្រាក់ឧបត្ថម្ភជាង​១០លានរៀល ជយលាភីទី២ បានទៅលើទូក ពពករសាត់ផាត់ជលសារ​ ទទួលបានប្រាក់ឧបត្ថម្ភជាង​៧​លានរៀល ជ័​យលាភីទី៣ បានទៅលើ ទូកបារមីនាយកងសន្តិភាព ទទួលបានប្រាក់ឧបត្ថម្ភជាង៥លានរៀល និងទូកដែលមិនទទួលបានជយលាភីទទួលថវិកា​ ប្រមាណជា៣លានរៀលក្នុង១ទូក៕