(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបន្ថែមរយៈពេល១ថ្ងៃទៀត សម្រាប់ការចុះឈ្មោះបោះឆ្នោត ពោលគឺការចុះឈ្មោះនេះ នឹងបិទបញ្ចប់នៅម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្អែកនេះវិញ។ នេះបើតាមការឱ្យដឹងពី លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ដែលបានប្រាប់ Fresh News នៅប៉ុន្មាននាទីមុននេះ។
ការប្រកាសបន្ថែមរយៈពេលនេះបានធ្វើឡើងបន្ទាប់ពី គ.ជ.ប បើកកិច្ចប្រជុំផ្ទៃក្នុងដ៏ពិសេសមួយ ដើម្បីពិភាក្សាអំពីករណីបន្ថែមពេលនេះ។
សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន ៧,៧៦៤,៦៥៣នាក់ ហើយបានទៅចុះឈ្មោះបោះឆ្នោត។ បើធៀបនឹងពលរដ្ឋដែលមានសិទ្ធិចុះឈ្មោះ ៩.៦លាននាក់ គឺមានពលរដ្ឋខ្មែរប្រមាណជិត១លាននាក់ឯណោះ ដែលមិនបានទៅចុះឈ្មោះបោះឆ្នោត។
លោក ហង់ ពុទ្ធា បានបញ្ជាក់ថា ករណីនេះ ទោះជាខ្វះជិត២លាននាក់មែន ប៉ុន្តែក្នុងចំណោមជិត២លាននោះ ក៏មានពលរដ្ឋខ្មែរជាង១លាននាក់ដែរ បានទៅធ្វើការនៅប្រទេសថៃ និង មួយចំនួនទៀតនៅប្រទេសដទៃ ហើយពួកគាត់មិនបានមកចុះឈ្មោះទេ។ លោកថា គ.ជ.ប បានថ្លឹងថ្លែងយ៉ាងយកចិត្តទុកដាក់ចំពោះរឿងនេះ៕