(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ប្រធានសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានផ្ដល់នូវគន្លឹះសំខាន់៣យ៉ាង ទៅដល់សាធារណៈជន ដើម្បីឲ្យពួកគេយល់ដឹងពី ភាពអវិជ្ជមាននៃការ ប្រើប្រាស់គ្រឿងស្រវឹង និងទប់ស្កាត់នូវការប្រើប្រាស់គ្រឿងស្រវឹង។
ការលើកឡើងរបស់ ឧបនាយករដ្ឋមន្រ្ដីនេះធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី «ស្រ្ដី និងគ្រឿងស្រវឹង» នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមយ៉ាងច្រើន ពីសំណាក់មន្រ្ដីពាក់ព័ន្ធ នាសណ្ឋាគារ អ៊ីនធឺខន។
លោកស្រីបានថ្លែថា «គន្លឺះ៣យ៉ាងធំៗដើម្បីកាត់បន្ថយភាពអវិជ្ជមាននានា ដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង រួមមាន ទី១, ពង្រឹងការអនុវត្តន៍ ឲ្យមានប្រសិទ្ធិភាព នូវច្បាប់ទាំងឡាយណា ដែរពាក់ព័ន្ធនឹងការការពារ ទប់ស្កាត់គ្រោះថ្នាក់ បណ្ដាលមកពីគ្រឿង ស្រវឹង, ទី២-ការរួបរួមគ្នាការពារទប់ស្កាត់ឥទ្ធិពល នៃគ្រឿស្រវឹង អំពើហឹង្សាចំពោះស្រ្ដី និងកុមារ, ទី៣- ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងសាធារណៈជន និងឯកជន ត្រូវលើកទឹកចិត្តដល់ការចូលរួមរបស់សាធារណៈជន ក្នុងកម្មវិធីលើកកម្ពស់ការយល់ដឹងជាសាធារណៈ តាមរយៈការអប់រំ និងកាផ្សព្វផ្សាយឲ្យទូលំទូលាយ អំពីកម្មវិធីអប់រំសុខភាព និងការយល់ដឹងពីគ្រោះថ្នាក់នៃការប្រើប្រាសគ្រឿងស្រវឹង»។
លោកស្រីបានថ្លែងបន្ដទៀតថាជាការពិតណាស់ ថាគ្រឿងស្រវឹង ពិតជានាំមកនូវផលវិបាកយ៉ាងច្រើន ដល់ប្រយោជន៍បុគ្គល ប្រយោជន៍សាធារណៈ និងសង្គមជាតិ ជាក់ស្ដែងការកើតមានគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យមានការរងរបួស និងការបាត់បង់ជីវិត ការបំផ្លាញទ្រព្យសម្បត្តិបុគ្គល និងសាធារណៈ ការប្រើប្រាស់ហិង្សាទៅលើស្រ្ដី និងកុមារភាគច្រើន បណ្ដាលមកពីប្រើប្រាស់គ្រឿងស្រវឹង។
អ្នកស្រី កេត ម៉ាឌី ប្រធាននាយកដ្ឋាន ការពារផ្លូវច្បាប់ ក្រសួងកិច្ចការនារី បានថ្លែងឲ្យដឹងថា «ភាគច្រើន អ្នកដែលប្រព្រឹត្តហិង្សា ជាបរុស ហើយការសេពគ្រឿងស្រវឹង ចូលក្នុងខ្លួនលើសចំណុះ គឺអាចធ្វើឲ្យការគ្រប់គ្រង់ខ្លួនឯងមិនបាន ដែលអាចប្រព្រឹត្ត នៅអាកប្បកិរិយា ចេញមកដោយភាពអវិជ្ជមាន ទៅដល់ស្រ្ដី និងកុមារ ហើយភាគច្រើនស្រ្ដី ដែលទទួលរងនៅអំពើលហិង្សាពីឥទ្ធិពល នៃការប្រើប្រាស់គ្រឿងស្រវឹង គឺពួកគាត់តែងតែ ទទួលរង នូវការប៉ះពាល់ រូបរាងកាយជាច្រើន ដូចជាការរងរបួសស្នាមធ្ងន់ ឬស្រាលលើរូបរាងកាយជាដើម។ នៅពេលដែល គ្រួសារជួបប្រទះ នូវអំពើលហិង្សា តែងតែទទួលរង នូវភាពអវិជ្ជមានយ៉ាងច្រើន រួមមានការបាត់បង់នូវប្រាក់ចំណូលប្រចាំថ្ងៃ និងការមិនមានឱកាស ក្នុងការប្រកបមុខរបរផ្សេងៗ»។
អ្នកស្រីបន្ថែមថា ជាធម្មតា នៅពេលដែលគ្រួសារ ជួបប្រទះនូវអំហិង្សា ដែលបណ្ដាលមកពី ការប្រើប្រាស់គ្រឿងស្រវឹង គឺទទួលរងនូវការបាត់បង់ សុភមង្គលក្នុងគ្រួសារ បាត់បង់នូវក្ដីស្រលាញ់ពីគ្នាទៅវិញទៅមក ហើយអ្វីដែលកាន់តែព្រួយបារម្ភនោះ គឺប៉ះពាល់ទៅដល់កូន ដែលអាចធ្វើឲ្យ កូនបាត់បង់នូវការសិក្សាជាដើម។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្ដអនុវត្តន៍យុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៣ ដោយដាក់ចេញនូវផែនការយុទ្ធ សាស្រ្ដជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង (២០១៣-២០១៧) គោលនយោលបាយ នឹងផែនការសកម្មភាពជាតិសុវត្ថិភាព ចរាចរ ណ៍ផ្លូវគោក (២០១១-២០២០) គោលនយោលបាយភូមិ ឃុំ មានសុវត្ថិភាពនិងវិធានការមួយចំនួនទៀត៕