(ភ្នំពេញ)៖ លោក ច័ន្ទថេត ថានរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ត្រូវបានជនអនាមិកប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាថ្មីៗនេះ ដោយចោទប្រកាន់ថា មានភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីចំនួន៤ករណី ដែលក្នុងនោះក៏មានករណីកាងឡានដឹកឈើអត់ច្បាប់ផងដែរ។

តាមការផ្សព្វផ្សាយរបស់ ACU បានឱ្យដឹងថា លោក ច័ន្ទថេត ថានរៈ ត្រូវបានគេប្តឹងចំនួន៤ករណី ក្នុងនោះរួមមាន៖

១.ដកប្រាក់អប្បហារដែលជាប្រាក់រង្វាន់រាប់ពាន់លានរៀលដោយបានបែងចែកឲ្យមន្រ្តីថ្នាក់ក្រោមឡើយ ២.យកកម្រៃសេវាសាធារណៈពីការអនុញ្ញាតច្បាប់សិប្បកម្ម និងដេប៉ូឈើក្នុងមួយទីតាំងចំនួន២៥០០ដុល្លារ លើសពីការកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុដែលតម្រូវឲ្យយកតែ១លានរៀលតែប៉ុណ្ណោះ ៣. កាងឡានដឹកឈើអត់ច្បាប់ សិប្បកម្មឈើ និងដេប៉ូឈើអត់ច្បាប់មិនឲ្យអ្នកណាម្នាក់ទៅសាកសួរឡើយ និង៤.មិនបានបែងចែកភារកិច្ចឲ្យមន្រ្តីថ្នាក់ក្រោមជាដើម។

ជុំវិញករណីនេះ Fresh News មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពី លោក ច័ន្ទថេត ថានរៈ និងអង្គភាព ACU បាននៅឡើយទេ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ប៉ុន្តែបើតាមសេចក្តីបំភ្លឺរបស់ នាយខណ្ឌរដ្ឋបាលព្រៃឈើរូបនេះ ផ្ញើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ គឺលោកបានបដិសេធចំពោះការចោទប្រកាន់​ទាំង៤ករណីខាងលើនេះ។

តាមរយៈលិខិតបំភ្លឺនេះ លោកច័ន្ទថេត ​ថានរៈ បានបកស្រាយថា លោកមិនដែលបានកាង ហើយក៏គ្មានសិទ្ធិកាង ឬអនុញ្ញាតឱ្យឡានដឹកឈើ​គ្មានលិខិតអនុញ្ញាត​ដដឹកជញ្ជូន​ផលអនុផលព្រៃឈើ រោងសិប្បកម្ម រោងសន្និធិ(ដេប៉) គ្មានច្បាប់ចូលឆ្លងកាត់ ឬមាននៅក្នុងដែនសមត្ថកិច្ចរបស់លោកឡើយ។ លោកបានបន្ថែមថា ឡានដឹកឈើដែលគ្មានលិខិតអនុញ្ញាត ដឹកជញ្ជូនផលអនុផលព្រៃឈើរោងសន្និធិ និងរោងសិប្បកម្មគ្មានច្បាប់គឺត្រូវចាត់វិធានការ ទៅតាមនីតិវិធីច្បាប់យ៉ាងតឹងរឹងបំផុត៕