(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១១។ ពិធីនេះ ត្រូវបានធ្វើនៅ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយមានការចូលរួមពី មន្ដ្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា ​នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញនូវរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ រយៈពេលពេញ១ឆ្នាំ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលគ្រោះថ្នាក់ចរាចរណ៍ រយៈពេលពេញ១ឆ្នាំនេះ កើតឡើងចំនួន៤,០២៩លើក ស្លាប់១,៩២៦នាក់ និងរបួសធ្ងន់ស្រាល ៦,៩៦៧នាក់។

យ៉ាងណាក៏ដោយបើតាមរបាយការណ៍ សង្កេតឃើញថា មានខេត្តមួយចំនួនគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង និងខេត្តមួយចំនួន មានការថយចុះ រាជធានី-ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍កើនឡើងរួមមាន៖ កំពង់ស្ពឺ កំពង់ធំ មណ្ឌលគិរី ភ្នំពេញ ព្រះសីហនុ ស្វាយរៀង ហើយខេត្តក្រៅពីនេះ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ៕