(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា «សិស្សានុសិស្ស១,៩៨០នាក់ សម្អាតបរិវេណពិធីរម្លឹកគុណសម្ដេច ជា ស៊ីម និងលោកជំទាវ នៅថ្ងៃទី០២ ខែធ្នូ ខាងមុខនេះ»។
លោក ស សុខា បានបញ្ជាក់នៅលើ Facebook របស់លោកថា ការសម្អាតបរិវេណនេះ ត្រូវបានធ្វើឡើងក្រោមការដឹកពី លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ដែលជាកូនប្រុសបង្កើតរបស់សម្តេច ព្រមទាំងមានការចូលរួមពីអង្គភាពចំណុះខេត្ត បានរួមគ្នាបោសសម្អាតសួនសម្ដេច ជា ស៊ីម។
ជាមួយគ្នានេះ លោក ស សុខា បានស្នើសុំឲ្យក្រុមការងារ កាត់ស្មៅចោលដែលដុះនៅតាមការ៉ាឡា និងតាមចិញ្ចើមផ្លូវផងដែរ ដោយមើលទៅមិនល្អមើលសោះ។
លោកបន្ថែមថា «ពិធីរម្លឹកគុណនេះ នឹងមានមហាជនជាង៨,០០០នាក់ចូលរួម និងថ្នាក់ដឹកនាំកំពូលៗ ដូចជា សម្ដេច ហេង សំរិន សម្ដេច សាយ ឈុំ សម្ដេច ស ខេង ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត។
សកម្មភាពទាំងស្រុងពេលដំណើរការកម្មវិធី នឹងផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិ ទទក, ស្ថានីយ៍ទូរទស្សន៍ឯកជនជាច្រើនទៀត និងស្ថានីយ៍វិទ្យុ បេះដូងខ្មែរ (FM 99.30MHz) ផងដែរ»។
លោកតំណាងរាស្ដ្រ ក៏បានឲ្យដឹងដែរថា ក្នុងពេលរាត្រីក៏មានការបាញ់កាំជ្រួច ការតាំងពិពណ៌ និងការប្រគំតន្ត្រីកំដរមហាជន ចាប់ពីរាត្រីថ្ងៃទី០២ រហូតដល់រាត្រីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ខាងមុនឆាប់ៗនេះ៕