(ប៉ៃលិន)៖ ក្រុមហ៊ុន «ឈុន ឆាង» ដែលជីកកកាយដីភ្នំ ខុសបច្ចេកទេស ជីកកាយលុងជ្រៅផ្នែកខាងក្រោម មិនអាចទ្រទម្ងន់ផ្នែកខាងលើបាន ក៏បាក់សង្កត់លើកម្មករ២នាក់ស្លាប់ កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន សម្រេចដកអាជ្ញាប័ណ្ណ កាយដីភ្នំ នៅខេត្តប៉ៃលិនហើយ។
លោកប្រធានក្រុមហ៊ុន «ឈុន ឆាង» បានឲ្យដឹងថា ក្រុមហ៊ុនលោកបាន ដោះស្រាយផ្តល់សំណងជាទឹកប្រាក់ ដល់ក្រុមគ្រួសារជនរងគ្រោះទាំង២នាក់រួចហើយ សម្រាប់សពពលរដ្ឋម្នាក់រងគ្រោះគេចោទថា មិនគ្រប់ទឹកឈ្មោះ ធី រដ្ឋា ហៅអ៊ួក អាយុ១៩ឆ្នាំ សងសំណង៤លានរៀល រីឯសពជនរងគ្រោះឈ្មោះ ឈីវ អាយុ២០ឆ្នាំ ជាអ្នកបើកបរគ្រឿងចក្រអេស្កាទ័រ មានស្រុកកំណើតនៅភូមិកំពង់ស្ទោង ឃុំចំរើនផល ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ សងសំណង៦លានរៀល។
បើតាមការឲ្យដឹងពី មន្ត្រីសាលាខេត្តប៉ៃលិន និងមជ្ឈមដ្ឋាន និយាយថា ការសងជំងឺចិត្តក្នុងតម្លៃត្រឹមតែ ៤លានរៀល និង៦លានរៀល គេហួសចិត្តគ្រប់គ្នា យកទៅធ្វើបុណ្យមិនគ្រប់ផង កុំថាឡើយយកទៅជួយផ្គត់ផ្គង់ក្រុមគ្រួសារជនរងគ្រោះមិនគួរសោះ។ គេបានដាក់ការសង្ស័យថា ទំនងជាក្រុមគ្រួសារជនរងគ្រោះ គ្មានជម្រើសអ្វី មួយណាគ្រួសារក្រខ្សត់ ខ្វះជីវភាព ទើបមិនហ៊ានតវ៉ា ជាមួយក្រុមហ៊ុនខាងលើ មានទឹកប្រាក់ និងសិទ្ធិអំណាចខ្លាំងនៅខេត្តប៉ៃលិននោះ ទើបសម្រេចចិត្តយកប្រាក់ចំនួនខាងលើនេះ។
ជុំវិញបញ្ហានេះ ក្រុមអ្នកសារព័ត៌មានបានធ្វើការ ទំនាក់ទំនងទៅសាកសួរខាងអាជ្ញាធរក្រុងប៉ៃលិន និងមន្រ្តីមន្ទីររ៉ែ និងថាមពលខេត្ត ឲ្យបំភ្លឺនោះដែរ ប៉ុន្តែមន្រ្តីទាំងនោះនិយាយឆ្លើយដាក់គ្នាទៅវិញទៅមកថា មិនទាន់ដឹងនៅឡើយនោះទេ ដែលការឆ្លើយរបស់អាជ្ញាធរ និងមន្ត្រីមន្ទីរជំនាញ ហាក់បីគ្មានការទទួលការខុសត្រូវ។
បញ្ហានេះ ត្រូវបានមជ្ឈមដ្ឋានជាច្រើន បានដាក់ការសង្ស័យថា អាជ្ញាធក្រុង-ខេត្ត និងមន្ទីរជំនាញហាក់បីដូចជា គ្មានឆន្ទៈជួយដោះស្រាយ មើលការខុសត្រូវ ជូនដល់ក្រុមគ្រួសារសពពលរដ្ឋរងគ្រោះនោះឡើយ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវក្រវ៉ាត់ក្រុង ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន ហេតុការណ៍បាក់ដីថ្មភ្នំសង្កត់ មនុស្ស២នាក់ស្លាប់ ជាមួយនឹងអេស្កាទ័រ១គ្រឿង និងរថយន្តដឹកដី១គ្រឿង។ សាកសពជនរងគ្រោះទាំង២នាក់ បន្ទាប់មកត្រូវបានគេយកអេស្កាទ័រ ជីកកកាយយកសពចេញពីគំនរដី ជាបន្តបន្ទាប់ប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
អាជីវកម្មដីថ្មភ្នំរបស់ក្រុមហ៊ុន «ឈុន ឆាង» ត្រូវបានអភិបាលក្រុងប៉ៃលិនឆ្លើយថា ជាកន្លែងទីតាំងដីបម្រុងសម្រាប់កសាងរដ្ឋបាលសាលាក្រុងប៉ៃលិនទេ តែអភិបាលក្រុងប៉ៃលិន បានបញ្ជាក់ថា អាជីវកម្មនេះ គ្មានច្បាប់ទេ ប៉ុន្តែអនុប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោក សួន សុខ និងប្រធានក្រុមហ៊ុន «ឈុន ឆាង» ប្រាប់ថា មានច្បាប់ទម្លាប់ត្រឹមត្រូវទៅវិញ៕