(ភ្នំពេញ)៖ វិវាទមួយកើតឡើងរវាងបុគ្គលិកជាសន្ដិសុខ ជាមួយក្រុមហ៊ុនសន្ដិសុខ MPA ជុំវិញរឿងសុំដកអត្តសញ្ញាណប័ណ្ណដើម្បីយកទៅចុះឈ្មោះបោះឆ្នោត ត្រូវបានក្រុមហ៊ុនដោះស្រាយបញ្ចប់ហើយ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ពោលគឺក្រុមហ៊ុនបានសម្រួលប្រគល់អត្តសញ្ញាណប័ណ្ណទៅឲ្យបុរសជាបុគ្គលិក ដើម្បីបានយកទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមការបញ្ជាក់ ពីតំណាងក្រុមហ៊ុន សន្ដិសុខ MPA ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះ ក្រុមហ៊ុនសន្តិសុខ MPA ដ៏ធំមួយ ស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន បានរងការចោទប្រកាន់ថា បង្ខំឲ្យបុគ្គលិករបស់ខ្លួនម្នាក់ កក់ប្រាក់៦០ដុល្លារទុកសិនទើបដកអត្តសញ្ញាណប័ណ្ណ ដើម្បីយកទៅចុះឈ្មោះបោះឆ្នោតបាន។
បុគ្គលិករបស់ក្រុមហ៊ុនសន្តិសុខ MPA លោក លឹម រី អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវរថភ្លើង ក្រុម៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានរៀបរាប់ប្រាប់អ្នកសារព័ត៌ថា ដោយមានផលលំបាកច្រើន ក្នុងការធ្វើដំណើរ ដោយថ្មើរជើងចេញពីផ្ទះ ទៅកន្លែងយាមនៅភោជនីយដ្ឋាន «Grand Palace» ក្បែរផ្សារធំថ្មី គឺវាឆ្ងាយពេក គាត់ក៏បានលាឈប់ពីការងារជាសន្តិសុខរបស់ រយះពេលជាងមួយខែមកហើយ តែអត្តសញ្ញាណប័ណ្ណច្បាប់ដើមត្រូវបានតម្កល់នៅក្នុងក្រុមហ៊ុន ហើយដកមិនបាននោះទេ។
លោកបន្តទៀតថា «២ដងមកហើយ ដែលខ្ញុំបានស្នើក្រុមហ៊ុនសន្តិសុខ MPA ដើម្បីសុំដកអត្តសញ្ញាណប័ណ្ណ ក្នុងគោលបំណងយកទៅចុះឈ្មោះបោះឆ្នោត កាលពីដើម ខែវិច្ឆិកាប៉ុន្តែមិនបានសម្រេចឡើយ ដោយក្រុមហ៊ុនតម្រូវឲ្យបង់ប្រាក់កក់ទុក៦០ដុល្លារសិនទើបដកអត្តសញ្ញាណប័ណ្ណបាន»។ លុះមកដល់ចុងខែវិច្ឆិកាថ្មីៗនេះ ដោយសារវាកាន់តែខិតជិត ដល់ថ្ងៃបញ្ចប់នៃការចុះឈ្មោះបោះឆ្នោតទើបខ្ញុំសម្រេចទៅក្រុមហ៊ុនសន្តិសុខម្ដងទៀត ដើម្បីស្នើរសុំដកអត្តសញ្ញាណប័ណ្ណ ក៏៏នៅតែមិនបានសម្រេចដដែល៕