(អាមេរិក)៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសអាមេរិកមួយគ្រឿង (United Airlines) ដឹកអ្នកដំណើរចំនួន២០២នាក់ រួមនិងសហសេវិកចំនួន១៥នាក់ទៀត ដែលមានជើងហោះហើរ ទៅកាន់ទីក្រុងតូក្យូ នៃប្រទេសជប៉ុន ត្រូវបានបង្ខំចិត្តចុះចតយ៉ាងតក់ក្រហល់បំផុត នៅឯអាកាសយាន្តអន្តរជាតិ សាន់ ហ្វ្រានស៊ីស្កូ ក្នុងរដ្ឋកាលីហ្វរញ៉ា បន្ទាប់ពីមានអណ្តាតភ្លើងបានឆេះ ចេញពីម៉ាស៊ីនរបស់យន្តហោះ។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Daily Mail នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
បើយោងតាមសាក្សីដែលជិះនៅលើនោះផ្ទាល់ យន្តហោះដឹកអ្នកដំណើរខាងលើបានជួបប្រទះនឹងបញ្ហា ស្ទើរតែភ្លាមៗនៅក្រោយពេល បានហោះចេញពីអាកាសយានដ្ឋាន នាវេលាម៉ោង១១៖៣៦នាព្រឹកថ្ងៃចន្ទ (ម៉ោងនៅសហរដ្ឋអាមេរិក) ដោយមានអណ្តាតភ្លើងឆេះចេញពីម៉ាស៊ីនខាងឆ្វេងរបស់យន្តហោះ និងមានសំឡេងលាន់ដូចរន្ទះថែមទៀតផង។ ក្រោយមកអាកាសយានិកក៏បានសម្រេចចិត្ត បញ្ជាយន្តហោះបកត្រឡប់ក្រោយហើយចុះចតនៅឯអាកាសយានដ្ឋាន សាន់ហ្វ្រាន់ស៊ីស្កូ វិញ បានដោយជោគជ័យនៅម៉ោងប្រហែលជា១៖៣៥នាទីរសៀលថ្ងៃដដែល។
ជាចុងក្រោយអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើលោក Charlie Hobart បានឲ្យដឹងថា យន្តហោះដែលដឹកមនុស្សជាង២០០នាក់នេះ បានចុះចតដោយម៉ាស៊ីនមានបញ្ហា ហើយពុំមានមនុស្សណាម្នាក់ទទួលរងរបួសអ្វីឡើយ។ ទន្ទឹមគ្នានេះដែរលោក Hobart បានអះអាងថា បើទោះបីជាខណៈពេលនេះ គេមិនទាន់ដឹងពីមូលហេតុច្បាស់ ដែលបានបង្កឲ្យមានហេតុការណ៍ដ៏គួរឲ្យតក់ស្លុត មួយនេះក៏ដោយ ក៏លោកមានទំនុកចិត្តខ្ពស់ថា អ្នកដំណើរទាំងអស់មិនបានស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់នោះឡើយ ដោយសារតែអាកាសយានិករបស់យន្តហោះនោះ គឺជាមនុស្សស្ទាត់ជំនាញបំផុតនៅក្នុងការងាររបស់គេ៕