(ភ្នំពេញ)៖ ឆ្លើយតប និងការលើកឡើងរបស់លោក សក្កដា ប្រយុទ្ធ តាមរយៈកាសែតភ្នំពេញប៉ុស្តិ៍ ចុះនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបថា នៅក្នុងលិខិតរបស់លោក សក្កដា ប្រយុទ្ធ ប្រហែលជាឈ្មោះក្លែងក្លាយ និងមុខងារក្លែងក្លាយតែប៉ុណ្ណោះ ដែលជាការ ប្រឌិតជាក់ស្តែង និងមានទិសដៅវាយប្រហារដោយចេតនា ជាជាងចែករំលែកនូវបទពិសោធន៍ក្នុងការងារច្បាប់ និងសណ្តាប់ធ្នាប់ រវាងសហរដ្ឋអាមេរិក និងកម្ពុជា។
លោក ផៃ ស៊ីផាន បានឆ្លើយតប និងការលើកឡើងរបស់លោក សក្កដា ប្រយុទ្ធ ដោយមានខ្លឹមសាររៀបរាប់យ៉ាងដូច្នេះថា៖
អ្វីៗដែលខ្ញុំចាប់អារម្មណ៍ នៅក្នុងលិខិតរបស់លោក សក្កដា ប្រយុទ្ធ ប្រហែលជាឈ្មោះក្លែងក្លាយ និងមុខងារក្លែងក្លាយតែប៉ុណ្ណោះ ដែលជាការប្រឌិតជាក់ស្តែង និងមានទិសដៅវាយប្រហារដោយចេតនា ជាជាងចែករំលែកនូវបទពិសោធន៍ ក្នុងការងារច្បាប់ និងសណ្តាប់ធ្នាប់ រវាងសហរដ្ឋអាមេរិក និងកម្ពុជា។
១៖ នៅពេលដែលចាប់ផ្តើមប្រមូលផ្តុំ ប្រជាពលរដ្ឋអាមេរិកាំងតតាំង និងលទ្ធផលបោះឆ្នោតភ្លាម នគរបាល សហរដ្ឋអាមេរិកនៅតាមទីក្រុងនិមួយៗដែលមានសកម្មភាព កើតឡើងបានប្រកាសថា «ការប្រមូលផ្តុំនោះ គឺជាការប្រមូលផ្តុំខុសច្បាប់ នគរបាលមានសិទ្ធិ និងស្របច្បាប់ក្នុងការបំបែកការប្រមូលផ្តុំនេះតាមរាល់គ្រប់មធ្យោបាយ»។
សូមជម្រាបថា គ្មានការប្រមូលផ្តុំណាមួយនៅលើទីធ្លា ឬផ្លូវសាធារណៈ ដែលពុំទទួលបានធ្វើដោយសេរីទេ គឺតម្រូវឲ្យសុំច្បាប់ ដែលបញ្ជាក់ពីចំនួនមនុស្សចូលរួម ទីតាំងប្រមូលផ្តុំ ហើយនិងបំណងប្រមូលផ្តុំ។ អនុញ្ញាតឲ្យធ្វើ ឬមិនឲ្យធ្វើ គឺអាស្រ័យដោយសាលាក្រុង និងនគរបាលលក្រុងដែលមានឆន្ទានុសិទ្ធ។ ការប្រមូលផ្តុំ នៅលើទីធ្លាសាធារណៈ ត្រូវតែមានអ្នកទទួលខុសត្រូវ (១)និងតម្រូវឲ្យទិញធានារ៉ាប់រង (២)ទាំងតម្លៃសេវារបស់ នគរបាល និងការខូចខាត ជាយថាហេតុណាមួយ នេះជាច្បាប់របស់សហរដ្ឋអាមេរិក។
អាស្រ័យហេតុដូចនេះ អ្នកសរសេរអត្ថបទនេះ ពុំមែនជាអ្នកធ្លាប់រស់នៅ និងធ្លាប់ស្គាល់សហរដ្ឋអាមេរិកទេ គឺគ្រាន់តែជាអ្នកមើលឃើញសហរដ្ឋអាមេរិក ល្អឥតខ្ចោះតែប៉ុណ្ណោះ ហើយគ្មានស្គាល់ការពិតទេ។ ប្រតិបត្តិការណ៍នេះ គឺនគរបាលបានចាប់ផ្តើមមុនមាន អំពើធ្វើអោយខូចខាតទ្រព្យសម្បត្តិឯកជន ឬសាធារណៈនោះនៅឡើយទេ។ រីឯជនដៃដល់ នគរបាល អាមេរិកតាមប្រម៉ាញ់រហូតមិនអនុគ្រោះ ដូចកម្ពុជានោះឡើយ។
ខ្ញុំជឿជាក់ថា ពលរដ្ឋរស់នៅទីក្រុងភ្នំពេញ លោកសប្បាយចិត្តរីករាយ និងស្ថានភាពនយោបាយ ដែលមានសណ្តាប់ធ្នាប់ដូចបច្ចុប្បន្ន បន្ទាប់ពីកងកម្លាំងសមត្ថកិច្ច បានបញ្ចប់អំពើកុប្បកម្ម និងការធ្វើបាតុកម្មខុសច្បាប់របស់ គណបក្សសង្រ្គោះជាតិ បន្ទាប់ពីលទ្ធផលបោះឆ្នោតជាផ្លូវការ នៅក្នុងឆ្នាំ២០១៣។ ទីក្រុងភ្នំពេញ ប្រជាពលរដ្ឋភ្នំពេញ មានសិទ្ធិរស់នៅ និងប្រកបរបរការងាររបស់ខ្លួន ដោយភាពក្សេមក្សាន្ត ដែលត្រូវបានច្បាប់ការពារជាដាច់ខាត។ ភាពត្រឹមត្រូវនិងស្របច្បាប់ ដែលធានាដោយច្បាប់ រាជរដ្ឋាភិបាល ដែលកើតចេញពីប្រជាពលរដ្ឋ និងស្របច្បាប់ត្រូវមានកាតព្វកិច្ចថែរក្សា នីត្យានុកូលភាព និងសណ្តាប់ធ្នាប់សង្គម ដែលឋិតនៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន ឆ្លើយតបទៅ និងច្បាប់ និងសណ្តាប់ធ្នាប់ (Laws and Order ) ហើយគ្មានបក្សនយោបាយណាមួយមកឆក់ប្លន់នូវតួនាទី និងដែនសមត្ថកិច្ចនេះបានឡើយ។
នៅសហរដ្ឋអាមេរិក ប្រជាពលរដ្ឋត្រូវតែសហការដាច់ខាតជាមួយ និងសមត្ថកិច្ចជាចាំបាច់។ កម្លាំងអន្តរាគមន៍ គឺមិនរង់ចាំដល់ពេលមានហឹង្សានោះទេ គ្រាន់តែមានសភាពការណ៍មិនស្រួលគេបំបែកភ្លាមៗ នោះរាប់ ទាំងសមត្ថកិច្ច ស៊ីវិល គឺនគរបាលចាត់វិធានការបំបែកការប្រមូលផ្តុំ រីឯកម្លាំងយោធា (National Guard) ត្រូវដាក់ពង្រាយ ការពារទីតាំងសាធារណៈ ដែលប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌ និងមធ្យោបាយ មានប្រៀបជាងកម្លាំង ប្រមូលផ្តុំ។
«កម្លាំងអន្តរាគមន៍ គឺសមាមាត្រ និងកម្លាំងបង្ក» នេះជាពាក្យអ្នកនយោបាយទេ ដែលពិបាកថ្លឹងថ្លែង ក្នុងកិច្ចការងារបំបែកហ្វូងមនុស្ស ឬបង្រ្គាបអ្នកប្រមូលផ្តុំ ដែលបោះបង់ចោលកិច្ចសហប្រតិបត្តិការណ៍ជាមួយ និងនគរបាល ឬកម្លាំងប្រភេទដទៃទៀតដែលចូលរួម ក្នុងកិច្ចការងារនេះណាស់ គឺសមត្ថកិច្ច ស្វែងរកវិធានសមស្របណាមួយ ដែលមានប្រៀបក្នុងកិច្ចធានាប្រសិទ្ធភាព ដើម្បីប្រយោជន៍សណ្តាប់ធ្នាប់សាធារណៈ។
ចំណាត់ការប្រកបដោយប្រសិទ្ធភាព ដែលអាចធានាសណ្តាប់ធ្នាប់សង្គម និងរក្សាភាពប្រក្រតី នៃការ រស់នៅរបស់មហាជន គឺការស្វែងរកមេក្លាងដឹកនាំ និងញុះញុងអោយប្រព្រឹត្តអំពើខុសច្បាប់នេះ គឺសហរដ្ឋអាមេរិក។ សួរថាក្រុមណា បក្សណា ឬអ្នកដឹកនាំណា ដែលបានធ្វើ បង្ករ និងបង្កើតការប្រមូលផ្តុំខុសច្បាប់នេះ នៅកម្ពុជា? បេក្ខជនឈរឈ្មោះប្រធានាធិបតី ហ៉ីលរីគ្លីនតុន បានប្រកាសជូនពរដល់លោក ត្រាំ ក្នុងជ័យជំនះប្រកួតប្រជែងយកតំណែងប្រធានាធិបតី ដោយលើកឡើងថា ការបោះឆ្នោតនេះ គឺជាការបោះឆ្នោតសម្រាប់ដោះស្រាយ និងកសាងអាមេរិកាំង លោកសូមស្នើអោយអ្នកគាំទ្រលោកបើកបេះដូងទូលំទូលាយ ដើម្បីសហការជាមួយលោក ប្រធានាធិបតីជាប់ឆ្នោត៕
ខាងក្រោមនេះ សកម្មភាពការបង្ក្រាបបាតុកម្ម នៅសហរដ្ឋអាមេរិក៖