(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានទទួលនូវវិញ្ញាបនបត្រស្តី អំពីការអនុវត្តយ៉ាងពេញលេញ នូវគោលការណ៍ការពារអតិថិជន ពី SMART CAMPAIGN ដែលជាស្ថាប័នអន្តរជាតិ ក្នុងការបង្រួបបង្រួម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជុំវិញពិភពលោក ឲ្យមានគោលដៅរួមមួយ គឺចាត់ទុកអតិថិជន ជាកម្លាំងដែលជំរុញឲ្យមានភាពរីកចម្រើន ក្នុងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល និងធ្វើការវាយតម្លៃទៅលើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលបានអនុវត្តយ៉ាងពេញលេញ ទៅតាមគោលការណ៍ការពារអតិថិជន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អេ អឹម ខេ។

ក្នុងការទទួលបានវិញ្ញាបនបត្រនេះ អេ អឹម ខេ ទទួលបានការសម្របសម្រួល និងការគាំទ្រផ្នែកបច្ចេកទេស ពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ គោលការណ៍ការពារអតិថិជននេះ បានបង្កើតឡើងក្នុងគោលបំណង ដើម្បីជួយទ្រទ្រង់ដល់វិស័យហិរញ្ញវត្ថុទាំងមូល ដោយផ្តោតភាពសំខាន់ទៅលើការចួលរួមចំណែក ក្នុងកិច្ចការងារសង្គម និង ស្ថិរភាពហិរញ្ញវត្ថុ។

គោលការណ៍ការពារអតិថិជន គឺជាលក្ខខណ្ឌស្តង់ដារអប្បបរមា ដែលអតិថិជនរំពឹងថា នឹងទទួលបាននៅពេល ដែលពួកគាត់ប្រើប្រាស់ផលិតផល និងសេវាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

លោកស្រី Isabelle Barrès ជានាយិកាប្រតិបត្តិ SMART CAMPAIGN បានលើកឡើងថា «អេ អឹម ខេ ពិតជាមានឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការងារ ដើម្បីបម្រើដល់អតិថិជនក្រីក្ររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ហើយនេះបានបង្ហាញឲ្យឃើញថា អេ អឹម ខេ ពិតជាសមនឹងទទួលបាននូវពានរង្វាន់ដ៏ធំនេះ ដែលជាឧទារណ៍ជាក់ស្តែង នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល នៅប្រទេសកម្ពុជា»។

គោលការណ៍ការការពារ អតិថិជនដែលរៀបចំឡើងដោយ SMART CAMPAIGN នេះ បានប្រកាសជាសាធារណៈ ដល់ស្ថាប័នណាដែល បានផ្តល់សេវាហិរញ្ញវត្ថុ ដល់អតិថិជនរបស់ខ្លួន  ដោយបានអនុវត្តយ៉ាងពេញលេញ ទៅតាមគោលការណ៍ នៃការការពារអតិថិជនទាំង ៧ចំណុចដូចជា៖ ១. ការអភិវឌ្ឍ និងការចែកចាយផលិតផលដែលសមស្រប (Appropriate product design and delivery) ២. ការការពារពីបំណុលវណ្ឌក (Prevention of Over-indebtedness) ៣. តម្លាភាព (Transparency) ៤. ការកំណត់ថ្លៃដែលមានការទទួលខុសត្រូវ (Responsible Pricing) ៥. ប្រព្រឹត្តទៅលើអតិថិជនដោយការគោរព និងស្មើភាពគ្នា (Fair and respectful treatment of clients) ៦. យន្តការឆ្លើយតបចំពោះមតិយោបល់អតិថិជន (Mechanisms for complaint resolution) និង ៧. ការរក្សាព័ត៌មានឯកជនរបស់អតិថិជន (Privacy of client data)។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានលើកឡើងថា «អតិថិជនជោគជ័យ អេ អឹម ខេ ក៏ជោគជ័យដែរ ដូច្នេះហើយបានជាយើងតែងតែ ធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការងាររបស់យើង ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីធ្វើឲ្យជីវភាពរបស់ពួកគាត់មានភាពប្រសើរឡើង។ ការទទួលបានវិញ្ញាបនបត្រ បានបង្ហាញឲ្យឃើញអំពីកិច្ច ខិតខំប្រឹងប្រែងរបស់ អេ អឹម ខេ ក្នុងការអនុវត្តកិច្ចការងារសង្គម ក្នុងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដែលបានផ្តោតការយកចិត្តទុកដាក់ យ៉ាងសំខាន់ដល់អតិថិជន។ ក្នុងនោះផងដែរ យើងក៏បានអនុវត្តយ៉ាងពេញលេញ ទៅតាមលក្ខខណ្ឌនៃគោលការណ៍ការពារអតិថិជនទាំង ៧ចំណុច ដើម្បីធានាឲ្យ អតិថិជនទទួលបាននូវកិច្ចការពារពី អេ អឹម ខេ»៕