(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យកុមារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មានអ្នកជំងឺជិត៨ពាន់នាក់ បានចូល និងចេញពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ មានអ្នកជំងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ២,៦២៣នាក់, អ្នកជំងឺអនុញ្ញាតិឲ្យចូលសម្រាក់ព្យាបាល ៣៨៥នាក់ ក្នុងនោះមានជំងឺទារកតូចៗគ្រប់ប្រភេទ៤៦នាក់, អ្នកជំងឺក្រីក្រត្រូវបានអនុញ្ញាតិ សម្រាកព្យាបាលដោយមិនបង់ប្រាក់២១ភាគរយ, ចំនួនវះកាត់សរុប៤២នាក់, ការព្យាបាលដោយចលនា៣៨៥នាក់, កុមារបានទទួលថ្នាំបង្ការ៨៣៤នាក់, កុមារព្យាបាលធ្មេញ អញ្ចាញធ្មេញ និងក្រអូមមាត់១៨នាក់, កុមារមានផ្ទុកមេរោគអេដស៍ ត្រូវបានទទួលថ្នាំពន្យារ ៦៧នាក់, ជំងឺរបេងកំពុងទទួល ការព្យាបាល៨នាក់, កុមារមានផ្ទុកមេរោគអេដស៍ មកពិគ្រោះជំងឺឱកាសនិយម២២៦នាក់, ថតឆ្លុះវិភាគដោយកាំរស្មីអិច ១៤៨នាក់, ពិនិត្យវិភាគដោយអេកូ ១១១នាក់, ចំនួនតេស្ដបានវិភាគ នៅមន្ទីរពិសោធន៍ មាន២,០១៤នាក់។
មន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងផងដែរថា ការផ្ដល់អាហារ តាមបែបវេជ្ជសាស្ដ្រដោយ គិតតាមប្រភេទជំងឺ និងតាមក្រុមអាយុកុមារមួយថ្ងៃ ចំនួន៣ពេល ដោយមិនគិតប្រាក់ ដល់កុមារដែល សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ជាងនេះទៅទៀត មន្ទីរពេទ្យកុមារជាតិ មានទទួលវះកាត់ កុមារឆែបមាត់ ជើងខ្វេ ពីកំណើតដោយពុំមានបង់ប្រាក់។
បន្ថែមពីនេះ មន្ទីរពេទ្យកុមារជាតិ បានចូលរួមសិក្ខាសាលាអំពីផែនការសកម្មភាពការងារសុខាភិបាល និងផែនការថវិកាសម្រាប់ឆ្នាំ២០១៧ នៅខេត្តកំពត់ចំនួន៣ថ្ងៃ ដែលរៀបចំដោយក្រសួងសុខាភិបាល។ បច្ចុប្បន្ន ករណីទារកកើតមិនគ្រប់ខែ និងទារកមិនគ្រប់ទំងន់ជាបញ្ហាអត្ថិភាព ដែលមន្ទីរពេទ្យកុមារជាតិ បានយកចិត្តទុកដាក់បំផុត៕