(ប្រទេសចិន)៖ សេវាកម្មទេសចរណ៍អាយខ្មែរទ្រីប (iKhmerTrip) បានរៀបចំដំណើរកម្សាន្តដ៏ល្អប្រណិត រយៈពេល៦ថ្ងៃ នៅ កោះហៃណាន ប្រទេសចិន ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦។ ដំណើរទស្សនកិច្ចដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុនទេសចរណ៍ អាយខ្មែរទ្រីប (iKhmerTrip) មានការអញ្ជើញភ្នាក់ងារ ដែលមានទីតាំងខុសៗគ្នាចំនួន ១៧ស្ថាប័ន និងអ្នកយកព័ត៌មាន កាសែត និងទូរទស្សន៍មួយចំនួន ក្នុងនោះក៏មានវត្តមាន អ្នកសារព័ត៌មានអង្គភាព Fresh News ផងដែរ។
ដំណើរទស្សនកិច្ច នៅកោះហៃណានដ៏ស្រស់ស្អាតមួយនេះ ក្នុងគោលបំណងស្វែងយល់ពីទំនៀមទំលាប់ ប្រពៃណី រមណីយដ្ឋាន និងម្ហូបអាហារ ប្រចាំតំបន់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឈិន ហ៊ុយ អ្នកសម្របសម្រូលសេវាកម្ម ទេសចរណ៍អាយខ្មែរទ្រីប (iKhmerTrip) ផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មានអង្គភាព Fresh News នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោក ឈិន ហ៊ុយ បានបន្ថែមថា កញ្ចប់ទស្សនកិច្ចនេះ ធ្វើឡើងដើម្បីឲ្យភ្នាក់ងារទេសចរណ៍ និងអ្នកសារព័ត៌មានដែលបានចូលរួមក្នុងដំណើរ ទស្សនកិច្ចសាកល្បងនៅពេលនេះ អាចវាយតម្លៃបានលើការរៀបចំដំណើរទស្សនកិច្ចនេះថា មានគុណភាពល្អដ៏កម្រិតណា ទាំងការផ្តល់សេវាកម្ម ការហូបចុក ការស្នាក់នៅ និងការដើរកម្សាន្តនានា។
អ្នកសម្របសម្រូលសេវាកម្ម ទេសចរណ៍អាយខ្មែរទ្រីប (IkhmerTrip) បានរៀបរាប់ឲ្យដឹងថា កញ្ចប់ទស្សនកិច្ចដែលមានរយៈពេល រហូតទៅដល់៦ថ្ងៃនេះ សេវាកម្មទេសចរណ៍ អាយខ្មែរទ្រីប (IkhmerTrip) បានរៀបចំឲ្យមានការទស្សនា កន្លែងកម្សាន្តជាច្រើន ក្នុងនោះរួមមាន ការទស្សនាដងទន្លេវ័នឈាន អាគារប៉អាវ ឆ្នេរសមុទ្រអ៊ីតាយ ភូមិបុរាណប៉រអាវ ទស្សនាទេសភាពពេលរាត្រីនៅហាង Sea Story។
ក្រៅពីនោះសេវាកម្មទេសចរណ៍ អាយខ្មែរទ្រីប (iKhmerTrip) បានរៀបចំបន្ថែមទៀតឲ្យមានការទស្សនាភូមិវប្បធម៌ចិន សួនថ្នាំរុក្ខជាតិត្រូពិចស៊ីងឡុង វិហារចិនស៊ីងឡុង ភូមិជនជាតិដើមភាគតិច ទស្សនាតំបន់ទេសចរណ៍វប្បធម៌ណានយាន រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីម។
ជាងនេះទៅទៀត នៅក្នុងដំណើរទស្សនកិច្ចនោះ ក៏មានការទស្សនាដងវិថីថតខ្សែភាពយន្តបុរាណកាលពីឆ្នាំ១៩៤២ ទស្សនាទីក្រុងទំនើប Mission Hill Centerville ដើរកម្សាន្តតាមដងវិថី Kwai Fong ជាដើម។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចដែលរៀបចំដោយ អាយខ្មែរទ្រីប (iKhmerTrip) បានធ្វើឡើង ក្រោយពីក្រុមហ៊ុនសង្កេតឃើញថា ភ្នាក់ងារទេសចរណ៍ខ្នាតតូច និងខ្នាតមអធ្យមជាច្រើនមិនមានលទ្ធភាពគ្រប់គ្រង ក្នុងការរៀបចំដំណើរកម្សាន្តទៅក្រៅប្រទេសដោយខ្លួនឯង។ អាយខ្មែរទ្រីប (iKhmerTrip) មានដៃគូទាំងក្នុងតំបន់អាស៊ី និងតំបន់អឺរ៉ុប ទើបធ្វើឲ្យ អាយខ្មែរទ្រីប (iKhmerTrip) បង្កើតកញ្ចប់ដំណើរកម្សាន្តក្រៅប្រទេស ដើម្បីឲ្យភ្នាក់ងារទេសចរខ្នាតតូច និងមធ្យម អាចនាំយកទៅលក់បន្តបាន។
គួរបញ្ជាក់ថា អាយខ្មែរទ្រីប (iKhmerTrip) មានភ្នាក់ងារទេសចរជាសមាជិក នៅភ្នំពេញមានចំនួន១០០ភ្នាក់ងារនិងនៅ ខេត្តសៀមរាបចំនួន៥០ភ្នាក់ងារ ហើយភ្នាក់ងារនីមួយៗ សុទ្ធតែមានស្លាកសញ្ញា អាយខ្មែរទ្រីប (iKhmerTrip) ជាសញ្ញាសម្គាល់ និងរាល់ដំណើរកម្សាន្តទាំងអស់ក្រុមហ៊ុនអាយខ្មែរទ្រីប (iKhmerTrip) បានសម្រូលរៀបចំឯកសារ ចាប់តាំងពីពេលចេញដំណើរ រហូតដល់ត្រលប់មកវិញ ជាងនេះទៅទៀតក្នុងរយៈពេលធ្វើដំណើរ កំសាន្តក្រុមហ៊ុនមាន ការធានារ៉ាប់រងដល់អតិថិជនផងដែរ។ អាយខ្មែរទ្រីប (iKhmerTrip) គឺជាសេវាកម្មទេសចរណ៌មួយ រៀបចំដំណើរកម្សាន្តក្រៅប្រទេសទូទាំងពិភពលោក៕