(ភ្នំពេញ)៖ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៩៖១៥នាទីយប់ នៅចំណុចមុខផ្ទះ លេខ១៦១ ផ្លូវលេខ១៥៦z ក្រុមទី៥ ភូមិ២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បានចាប់វាយខ្នោះសង្ស័យម្នាក់ ក្រោយប្រើកាំភ្លើងខ្លីមួយដើម គំរាមរកបាញ់សម្លាប់ម្តាយខ្លួនឯង និងបានបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។
មន្រ្តីនគរបាលព្រហ្មទណ្ឌ ខណ្ឌទួលគោក បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ហ៉ី បូរ៉ា ហៅ រ៉ា អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅផ្ទះលេខ១៦១ ផ្លូវលេខ១៥៦z ក្រុមទី៥ ភូមិ២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
ក្រោយចាប់ខ្លួនកម្លាំងនគរបាល បានដកហូតអាវុធខ្លី១ដើម លេខ 20990505 ផលិតនៅប្រទេសចិន បង់ចំនួន១ គ្រាប់៤គ្រាប់ ទូរស័ព្ទដៃ លិខិតឆ្លងដែនខ្មែរ១ច្បាប់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៣សន្លឹក ប័ណ្ណសំគាល់យានយន្ត២សន្លឹក និងកាបូបស្ពាយពណ៌បៃតងខ្ចី១។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោងប្រហែល១៦៖៤០នាទីជនសង្ស័យបានយកអាវុធខ្លី ទៅអុកឡុកវាយបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ និងគំរាមបាញ់ម្តាយ ហើយយកលុយរួចចេញទៅបាត់។
ពេលនោះម្តាយបានមករាយការណ៍ ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ លុះដល់ម៉ោង៩៖១៥នាទី ជនសង្ស័យបានមកម្តងទៀង កម្លាំងនគរបាលក៏ធ្វើការឃាត់ខ្លួន និងដកហូតអាវុធខ្លីបាន១ដើមជាក់ស្តែង នាំយកមកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕