(ភ្នំពេញ)៖ នៅបន្ទប់ទទួលភ្លៀវទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានជួបសម្ដែងការគួរសម និងទទួលអំណោយជាអង្ករក្រអូបផ្កាម្លិះចំនួន ៥០០តោន ពីរដ្ឋាភិបាលតំបន់ស្វយ័តក្វាងស៊ី នៃប្រទេសចិន ដែលអំណោយនេះ ធ្វើឡើងតាមរយៈ ក្រុមហ៊ុនហ្គូហុង (GUOHONG) ប្រចាំនៅកម្ពុជា។

ពិធីប្រគល់ និងទទួលអំណោយនេះ គឺអនុវត្តទៅតាមកិច្ចព្រមព្រៀងរវាងភាគីចិន និងភាគីកម្ពុជា ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទៅចូលរួមការតាំងពិព័រណ៌ចិន-អាស៊ាន (CAEXPO) លើកទី ១៣ នៅទីក្រុងណាននីង ប្រទេសចិន កាលពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ។

ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រតិភូ នៃក្រុមហ៊ុនហ្គូហុង ដែលបានវេចខ្ចប់ និងនាំយកអង្ករជាអំណោយរបស់រដ្ឋាភិបាល​ តំបន់ស្វយ័តក្វាងស៊ី នៃប្រទេសចិន មកជូនរាជរដ្ឋាភិបាលកម្ពុជា ហើយប្រគល់ជូនមកកាកបាទក្រហមកម្ពុជា។ លោកស្រី ម៉ែន នារីសោភ័គ បានជម្រាប និងបញ្ជាក់ជូនភ្ញៀវថា កាកបាទក្រហមកម្ពុជា នឹងអនុវត្តតាមការណែនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីនាំយកអង្ករទាំងនេះទៅចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតស្បៀងខ្លាំងបំផុត ដែលរួមមានដូចជា ចាស់ៗគ្មានទីពឹង គ្រួសារមានជំងឺប្រចាំកាយ គ្រួសារគ្មានដីធ្លីប្រកបរបរធ្វើស្រែចម្ការ គ្រួសារស្រី្តមេម៉ាយមានកូនច្រើន គ្រួសារជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។ល។ ហើយការចែកជូននេះ មានគោលដៅជាបឋមនោះ គឺនៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងបណ្តាខណ្ឌទាំង១២ នៅក្នុងរាជធានីភ្នំពេញ។

លោក លី ពីនលីន អគ្គនាយកក្រុមហ៊ុនហ្គូហុង តំណាងឱ្យរដ្ឋាភិបាលតំបន់ស្វយ័តក្វាងស៊ីប្រទេសចិន និងក៏ដូចជាតំណាងឲ្យប្រជាជនចិនទាំងមូល បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យរដ្ឋាភិបាល និងប្រជាជនចិន បានរួមចំណែកក្នុងការងារមនុស្សធម៌មួយផ្នែក តាមរយៈ កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ ជាមួយគ្នានោះ ក្នុងនាមតំណាងឱ្យរដ្ឋាភិបាល និងប្រជាជនចិន លោក លី ពីនលីន ប្តេជ្ញាបន្តពង្រឹងមិត្តភាពជាបងប្អូន និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រជាជន និងប្រទេសយើងទាំងពីរ ឱ្យកាន់តែស្អិតរមួត និងរឹងមាំថែមទៀត៕