(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃចន្ទនេះ បានស្នើកុំឱ្យពិភពលោក ស្តីបន្ទោសទៅលើប្រទេសដែលកើតសង្រ្គាមបណ្តាលឱ្យ មានផលវិបាកសម្រាប់ប្រជាជន ប៉ុន្តែសម្តេចស្នើឱ្យបន្ទោសទៅលើប្រទេស ដែលជាអ្នកលូកដៃបង្កើតឱ្យមានសង្រ្គាមនេះវិញ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ នៅខាងក្រោម)
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងពិធីបើកមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៩ នៅខេត្តសៀមរាប ប្រទេសកម្ពុជា នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យប្រទេសទាំងអស់ការពារសន្តិភាពនៅលើពិភពលោក ក៏ដូចជានៅក្នុងតំបន់។ សម្តេចលើកឡើងថា «ដើម្បីការពារសន្តិភាពបាន ទាល់តែកុំឱ្យមានអ្នកបំផ្លាញសន្តិភាព ដើម្បីការពារសន្តិភាពបាន លុះត្រាតែទប់ស្កាត់កុំឱ្យមានអ្នកបង្កសង្រ្គាម។ វាជាហេតុផលសមរម្យ កុំបន្ទោសប្រទេសដែលមានសង្រ្គាម ប៉ុន្តែត្រូវបន្ទោសប្រទេសដែលជាអ្នកលូកដៃឱ្យមានសង្រ្គាម» ។
សម្តេចបានបន្ថែមថា អ្នកដែលបង្កសង្រ្គាម គឺសុទ្ធតែជាប្រទេសដែលមានលទ្ធភាពបង្កសង្រ្គាមមិនមែនអ្នកទន់ខ្សោយទេ។
ទន្ទឹមនឹងការអំពាវនេះឱ្យការពារសន្តិភាពពិភពលោកនេះ សម្តេចតេជោ ក៏បានអំពាវនាវផងដែរដល់សមាជិក APA ដោយស្នើឱ្យមានសន្និសីទអន្តរជាតិមួយ ស្តីពីបញ្ហាប្រយុទ្ធប្រឆាំងភេរកម្មនៅលើសកលលោក៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពីបញ្ហាសង្គ្រាមនៅនៅមជ្ឈឹមបូព៌ា៖